ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២៥ នេះសមត្ថកិច្ចនគរបាលទូទាំងខេត្តបាត់ដំបង អនុវត្តការងារបង្រ្កាបករណីក្មេងទំនើង បានចំនួន ៥៣ ករ ណី ឃាត់ខ្លួនពួកគេចំនួន ២៨៣នាក់ ចាត់ វិធានការច្បាប់ដោយរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង អនុវត្តទោសចំនួន ២៤ករណី មានមនុស្សចំនួន ១៣២នាក់ និងចាត់វិធានការរដ្ឋបាលដោយដកហូតរក្សា ទុកមធ្យោបាយរយៈពេលខ្លី និងរយៈពេលវែងរហូត ០៣ខែ នៅមូលដ្ឋាននិងបង្គាប់ឱ្យធ្វើ ពលកម្ម អនាម័យ មុននឹងឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញដោយមានលក្ខណ្ឌច្បាស់លាស់ ។
មិនតែប៉ុណ្ណោះមានពួកក្មេងទំនើងចំនួន ៥១៥នាក់ស្រីចំនួន ០៥នាក់ បែងចែកចំនួន ៧៨ ក្រុម ដែលកំពុងស្ថិតក្នុងបញ្ជីគ្រប់គ្រងនិងតាមដានជាប់ជាប្រចាំរបស់នគរបាល ហើយក្នុងរយៈពេលកន្លងទៅ អង្គភាពនគរបាលដែលកំពុងគ្រប់គ្រងមុខសញ្ញានេះបានកោះហៅ ពួកគេជាក្រុមៗ មកធ្វើការសាកសួរដើម្បីឱ្យដឹងជាក់ច្បាប់អំពីរចនាសម្ព័ន្ធគោលបំណងនិងផែនការដែលគេប៉ងធ្វើសកម្មភាពនៅមូលដ្ឋាន ដោយបង្កការរំខាន បង្កភាពអាណាធិបតេយ្យ បង្កេីតជម្លោះជាមួយក្រុមផ្សេង ឬបំពេញបែបបទបន្ថែម និងចាត់វិធានការបំបែកសំបុក្រពួកគេបានមុន មិនឱ្យពួកគេប្រមូលផ្តុំធ្វើសកម្មភាពបាន។
តាមរបាយការណ៍រយៈពេល០៩ខែ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឹតពីខែ វិច្ឆិកា ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ១៩ សីហា ឆ្នាំ ២០ប២៥ ដែលត្រូវបានធ្វើការបូកសរុបនាពេលកន្លងមកដោយលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយគូសបញ្ជាក់ថា កិច្ចប្រតិបត្តិការក្នុងរយៈពេលកន្លងទៅនេះ គឺដោយផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្តោតសំខាន់លើការងារបង្ការទប់ស្កាត់និងបង្រ្កាបឱ្យបានក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានព្រមទាំងចាត់វិធានការតឹងរឹងបំផុតចំពោះពួកគេ ។
ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា នារយៈពេល០៩ខែឆ្នាំ ២០២៥ នេះស្ថានភាពក្មេងទំនើង បានថយចុះចំនួន ១១ករណី បើប្រៀបធៀននឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤ កន្លងទៅ ។ ទោះជាបែបនេះក្តី ក្នុងការងារបូកសរុបលោកឧត្តមសេនីយ៍ទោស្នងការបានស្នើឱ្យសមត្ថកិច្ចនគរបាលត្រូវបន្តខិតខំឱ្យខ្លាំងក្លាបន្ថែមទៀតពិសេសការផ្សព្វផ្សាយនៅតាមទីសាធារណៈ កន្លែងកំសាន្តសប្បាយតាមសាលារៀន ទីអារាម និងសហគមន៍មូលដ្ឋាន ឱ្យបានច្រើន ហើយគប្បី មានការចូលរួម សហការណ៍ពីអាណាព្យាបាលពួកគេ ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ គ្រប់មជ្ឈដ្ឋាន ដើម្បីលប់បំបាត់ករណីនេះឱ្យដល់ចំណុចទៀបបំផុតនៅពេលខាងមុខ៕ ដោយ៖តារា
(រូបភាព៖នគរបាលខេត្តបាត់ដំបង)