ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd. មកពីកោះហៃណាន សាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ដែលជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយឈានមុខក្នុងផលិតម៉ាស៊ីនសម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម, ការកែច្នៃដំណាំកសិកម្ម, និងការនាំចេញ/ចូលផលិតផលកសិកម្ម នៅកោះហៃណាន សាធារណរដ្ឋប្រជាមានិតចិន​ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នាព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានមានមតិស្វាគមន៍ និងសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោក David Zou Zhun ប្រធានផ្នែកកសិកម្មនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd. ដែលបានចំណាយពេលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសនៅក្នុងឧស្សាហកម្មស្វាយចន្ទី។ លោកអគ្គលេខាធិការបានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីពីដើមទីដល់ចុងទី ដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ និងកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។

បន្ថែមពីនេះ ក្រៅពីស្វាយចន្ទី លោកអគ្គលេខាធិការក៏បានជម្រាបជូនគណៈប្រតិភូពីសក្តានុពលនៃដំណាំកសិកម្មផ្សេងទៀតរួមមាន៖ ដំទ្បូងមី ចេក ស្វាយ និងធុរេនជាដើម ដែលក្រុមហ៊ុនអាចធ្វើការគិតគូររៀបចំខ្សែច្រវាក់ផលិតកម្ម និងកែច្នៃដំណំាកសិកម្មទាំងនោះឱ្យកាន់តែមានតម្លៃបន្ថែមខ្ពស់ថែមទៀត។

មានមតិក្នុងឱកាសកិច្ចប្រជុំ លោក David Zou Zhun បានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការ ដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូ និងបានផ្តល់នូវព័ត៌មានលម្អិតនៃវិស័យឧស្សាហកម្មស្វាយចន្ទីនេះ ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍សហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យនេះ។ ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ។

បច្ចុប្បន្ន ក្រុមហ៊ុនបានសហការចាប់ដៃគូជាមួយក្រុមហ៊ុន Kampu Nuts Agro Products, ក្រុមហ៊ុន Hangzhou Baichen Food Co., Ltd, ក្រុមហ៊ុន Hangzhou Jiabin Agricultural Park, និងក្រុមហ៊ុន Hangzhou Weiying Food Co., Ltd ដើម្បីធ្វើការប្រមូលទិញស្វាយចន្ទីស្ងួត និងស្វាយចន្ទីកែច្នៃយកទៅចែកចាយទៅកាន់ទីផ្សារប្រទេសចិន។ លោក David Zou Zhun បានឱ្យដឹងទៀតថា គម្រោងវិនិយោគឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ក្រុមហ៊ុននឹងរៀបចំជាបីដំណាក់កាល ដែលដំណាក់កាលទី១ គ្រោងនឹងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានចំនួន ៣ម៉ឺន/ឆ្នាំ, ដំណាក់កាលទី២ ចំនួន ២០ម៉ឺនតោន/ឆ្នាំ និងដំណាក់កាលទី៣ ចំនួន ៥០ម៉ឺនតោន/ឆ្នាំ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print