រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការធ្វើទំនើបកម្មសមត្ថភាពមន្ត្រី ជារឿងចាំបាច់ដើម្បីឆ្លើយតបនឹងការវិវត្តផ្នែកបច្ចេកវិទ្យា និងសង្គម

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា ការធ្វើទំនើបកម្មសមត្ថភាពមន្ត្រីរាជការ គឺជារឿងដ៏ចាំបាច់បំផុត ដើម្បីឆ្លើយតបនឹងតម្រូវការនៃការវិវត្តផ្នែកបច្ចេកវិទ្យា និងភាពរីកចម្រើនរបស់សង្គម នាពេលបច្ចុប្បន្ននេះ។ ដូច្នេះ ការពង្រឹងសមត្ថភាពរបស់មន្ត្រី ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត ដើម្បីផលប្រយោជន៍ប្រជាជនឱ្យកាន់តែល្អប្រសើរ និងឆ្លើយតបក្នុងកម្រិតខ្ពស់បំផុតទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន។

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រងធនធានមនុស្ស» នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ចំនួន១១៦នាក់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «មន្ត្រីយើងម្នាក់ៗ ក៏ត្រូវធ្វើទំនើបកម្មលើសមត្ថភាព ដើម្បីឱ្យដើរស្របនឹងការវិវត្តនៃបច្ចេកវិទ្យា និងសង្គម អ៊ឹចឹង គឺត្រូវការសិក្សាបន្ថែមពេញមួយជីវិត។ ប្រសិនបើយើងមិនបានធ្វើទំនើបកម្មខ្លួនឯងនោះជំនាញ និងចំណេះដឹងរបស់យើងមិនអាចរត់តាមបច្ចេកវិទ្យាដែលវិវត្តន៍ថ្មីទេ»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា មន្ត្រីរាជការ គឺត្រូវចាំបាច់ក្នុងការធ្វើទំនើបកម្មសមត្ថភាពរបស់ខ្លួនជាប់ជានិច្ច និងកុំខ្ជីលឱ្យសោះចំពោះរៀនសូត្រ ស្វេងយល់នូវអ្វីដែលថ្មីៗ ដើម្បីអភិវឌ្ឍន៍ខ្លួនឯង។ សូមចងចាំថា ប្រសិនបើយើងមិនព្យាយាមអំណត់នោះទេ នោះអ្នកទាំងអស់គ្នានឹងស្ថិតនៅក្នុងអតីតកាល និងមិនអាចរត់តាមសម័យកាលនោះទេ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា បុគ្គលដែលខិតខំប្រឹងប្រែងធ្វើបច្ចុប្បន្នភាព ពង្រឹងនូវចំណេះដឹងថ្មីៗ ច្បាស់ណាស់ពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏រឹងមាំ ដើម្បីចូលរួមកាច់ចង្កូតស្ថាប័ន របស់ខ្លួនឱ្យកាន់រីកចម្រើនថែមមួយកម្រិតទៀត។ ដូច្នេះ ការធ្វើទំនើបកម្មសមត្ថភាពរបស់មន្ត្រីរាជការ ជាចំណុចមួយដ៏សំខាន់ បើទោះបីជាមានចំណេះដឹងដែលបានរៀនសូត្រ និងបំពេញការងាររាល់ថ្ងៃក៏ដោយ ប៉ុន្តែ គឺត្រូវតែរៀនហើយ រៀនទៀតពោលគឺត្រូវរៀនរហូត ពីព្រោះបច្ចេកវិទ្យាបច្ចុប្បន្ននេះ មានការវិវត្តយ៉ាងឆាប់រហ័ស។ ត្រង់ចំណុចនេះ មន្ត្រីរាជការ ចាំបាច់ណាស់ ត្រូវមានចំណេះដឹងឱ្យកាន់តែទូលំទូលាយ លើចំណេះ ជំនាញផ្នែកបច្ចេកវិទ្យា ដើម្បីបង្កើនបប្រសិទ្ធភាពការងារនៅក្នុងស្ថាប័នជាដើម។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា មូលធនមនុស្ស មិនត្រឹមតែមានសញ្ញាបត្រ និងមានចំណេះដឹងនោះទេ ប៉ុន្តែ ត្រូវតែមានសមត្ថភាព ធ្វើកិច្ចការងារ មានទេពកោលស្យ ស្នាដៃ មានសុខភាពល្អ សីលធម៌ គុណធម៌ សុជីវធម៌ មានវិជ្ជាជីវៈ និងគោរពលើការងាររបស់ខ្លួន នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលបានកំណត់មុំទី១ នៅក្នុងចំណោមមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺនិយាយអំពីមូលធនមនុស្ស។ ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយផ្តោតលើការកសាងធនធានមនុស្សឱ្យមានប្រសិទ្ធភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈស្របតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការងារអភិវឌ្ឍន៍មូលធនមនុស្ស។ ជាក់ស្តែងនៅដើមអាណត្តិទី៧ ប្រជាពលរដ្ឋបានសាទរ និងផ្តល់ទំនុកចិត្តយ៉ាងខ្លាំងមកលើរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការពង្រឹងធនធានមនុស្សបន្តវេន ពីព្រោះកម្ពុជា បានកំណត់ចក្ខុវិស័យ ឆ្នាំ២០៥០ ទៅជាប្រទេសដែលមានចំណូលខ្ពស់។ ដោយឡែកនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក៏ត្រូវចាំបាច់រុញ និងរៀបចំផែនការអភិឌ្ឍមូលធនមនុស្សឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print