រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញ​ប្រគល់រថយន្តសង្គ្រោះបន្ទាន់​ចំនួនពីរគ្រឿងជូនដល់មន្ទីរពេទ្យបង្អែកស្ទោង និង​មណ្ឌលសុខភាពឃុំពពក​ ស្ថិតក្នុង​ស្រុកស្ទោង​ ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ លោក​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តកំពង់ធំ និង​ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុក​ស្ទោង​ នៅថ្ងៃសៅរ៍​ ៦រោច​ ខែ​ភទ្របទ​ ឆ្នាំ​ម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​នេះ​ បានអញ្ជើញ​​​នាំយក​រថយន្ត​សង្គ្រោះបន្ទាន់ចំនួនពីរ​គ្រឿង​ប្រគល់ជូន​មន្ទីរពេទ្យបង្អែកស្ទោង​ និង​មណ្ឌលសុខភាពឃុំពពក​ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ​លើវិស័យសុខាភិបាល​ ក្នុងស្រុកស្ទោង​ ខេត្តកំពង់ធំ។​

 

ថ្លែងក្នុងពិធី​ប្រគល់រថយន្ត​ លោក​រដ្ឋមន្ត្រី​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង​ បាន​មានប្រសាសន៍បញ្ជាក់ថា​ រថយន្តសង្គ្រោះបន្ទាន់​នេះ​មានសារៈសំខាន់ខ្លាំង​ណាស់ ក្នុងគោលដៅ​បម្រើសុខភាពសាធារណ: លើកកម្ពស់សេវាកម្មដឹកជញ្ជូនអ្នកជំងឺ ជាពិសេសសម្រាប់ការ​ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដែលមានជំងឺ រងគ្រោះថ្នាក់ផ្សេងៗ និង​​ស្រ្តីឆ្លងទន្លេ​ ដើម្បី​ទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។

 

ជាមួយគ្នានេះ​ លោករដ្ឋមន្ត្រី​ បាន​ផ្តាំផ្ញើដល់​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងមន្ត្រីសុខាភិបាលទាំងអស់ ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលរថយន្តសង្គ្រោះនេះ សូម​បន្ត​បង្កើនការយកចិត្តទុកដាក់លើកកម្ពស់​ការពិនិត្យ និងការ​ព្យាលបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងសូម​ចូលរួម​ជួយថែរក្សារថយន្តសង្គ្រោះនេះឱ្យបានល្អប្រសើរ​ ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែងជាប្រយោជន៍រួមតរៀងទៅ​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print