អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យកម្មករ-និយោជិត ជិះឡានក្រុងរដ្ឋទៅស្រុកក្នុងឱកាសភ្ជុំបិណ្ឌដើម្បីសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ​៖​ លោក ស៊ុន មេសា​ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ​២០២៥នេះ​ បានអំពាវនាវឱ្យកម្មករ-និយោជិតទាំងអស់ដែលកំពុងធ្វើការនៅរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងរបស់រដ្ឋជាមធ្យោបាយសម្រាប់ធ្វើដំណើរទៅស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់នៅ​ថ្ងៃទី២១,២២និង២៣​ខែកញ្ញា​ ឆ្នាំ២០២៥ខាងមុខនេះ។

អ្នកនាំពាក្យក្រសួងការងារ បានឱ្យដឹងថា៖ «ជាការពិតឆ្នាំនេះក៏ដូចជាឆ្នាំមុនដែរ រាជរដ្ឋាភិបាលបានផ្តល់រថយន្តសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរនិងពិធីបុណ្យសំខាន់ៗក្នុងព្រះរាជាណចក្រកម្ពុជា»។ ក្នុងន័យនេះ លោកអំពាវនាវដល់បងប្អូនកម្មករ-និយោជិត ធ្វើដំណើរទៅស្រុកកំណើតដោយរថយន្តក្រុងរបស់រដ្ឋាភិបាល ដែលបានត្រៀមជូនដើម្បីធានាសុខសុវត្ថិភាព និងផាសុកភាព និងមិនចំណាយថវិកាក្នុងការធ្វើដំណើរដែលនេះបង្ហាញពីការយកចិត្តទកដាក់របស់សម្តេចនាយករដ្ឋមន្ត្រីទៅលើប្រជាពលរដ្ឋពិសេសបងប្អូនកម្មករកម្មការិនីយើងផងដែរ។

អ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា​ ការប្រើប្រាស់រថយន្តក្រុងដោយឥតគិតថ្លៃរបស់រដ្ឋនេះគឺដើម្បីជួយកាត់បន្ថយថ្លៃចំណាយរបស់កម្មករ-និយោជិតចំពោះថ្លៃធ្វើដំណើរដោយរថយន្តតាក់ស៊ី។ ជាងនេះទៅទៀត ការធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃដែលរៀបចំដោយរាជរដ្ឋាភិបាលនេះ គឺមានភាពងាយស្រួលធ្វើដំណើរ មិនចង្អៀតណែន ហើយមានសុវត្ថិភាពខ្ពស់។

បន្ថែមពីនេះ​ លោកបន្តថា ការរៀបចំឱ្យមានរថយន្តក្រុងឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះធ្វើឡើងរៀងរាល់ឆ្នាំ បង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀតរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាដល់ពលរដ្ឋ ក៏ដូចជាកម្មករ-និយោជិតទាំងអស់ ក្នុងការជួយកាត់បន្ថយចំណាយលើថ្លៃរថយន្តធ្វើដំណើរទៅលេងស្រុកកំណើតនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

គួរបញ្ជាក់ថា ឆ្នាំនេះរាជរដ្ឋាភិបាលបានត្រៀមរថយន្ដក្រុង ៥៩៧គ្រឿងសម្រាប់ដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print