ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសារទរទិវាអន្តរជាតិ ជនជាតិដើមភាគតិច ពិភពលោកលើកទី៣១ និងលើកទី២១ នៅកម្ពុជាក្រោមប្រធានបទ “ការការពារសិទ្ធិ និងតម្រង់ទិសអនាគតជនជាតិ ដើមភាគតិច ក្នុងបរិបទបរិវត្តកម្មឌីជីថល” ។
នៅឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បានប្រារព្ធពិធី ដែលមានជនជាតិដើមភាគតិច ចំនួន៣សហគមន៍ គឺជនជាតិដើមភាគតិចព្រៅ មានប្រមាណ១០០គ្រួសារ រស់នៅភូមិកាតូ ឃុំកំភុន បងប្អូនជនជាតិដើមភាគតិច ភ្នង រស់នៅឃុំក្បាលរមាស និងបងប្អូនជនជាតិដើមភាគតិច គ្រឹង រស់នៅភូមិរំពាត់ ឃុំតាឡាត ស្រុកសេសាន។
ដោយសារមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត និងដៃគូរអភិវឌ្ឍន៍នានា ស្រុកសេសាន បានស្ថាបនាផ្លូវប៉េតុង ឡើងលើភ្នំ ដែលនិងរៀបចំជាកន្លែងទេសចរណ៍ របស់ប្អូនជនជាតិដើមភាគតិច ដើម្បីឱ្យភ្ញៀវទេសចរបានសិក្សាស្វែងយល់ដឹងពីទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌។
ថ្លែងក្នុងពិធីអបអរសារទរនោះ លោក សរ សុពុត្រា បានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ គឺពិតជាការបញ្ជាក់ អំពីការរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណតម្លៃ នៃសីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ រស់រវើក និងក៏ជាឱកាសក្នុង ការប្រមូលផ្តុំទស្សនៈ ដែលជាគន្លឹះសម្រាប់ ជួយអភិវឌ្ឍន៍ជូនបងប្អូន ជនជាតិដើមភាគតិច ហើយក៏ជាសក្ខីភាពមួយបង្ហាញ ពីការយកចិត្តទុកដាក់ ដល់បងប្អូនជនជាតិដើមភាគតិច ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្ដែងសេចក្ដីសោមន្ស និង អបអរសាទរក្នុងទិវាប្រកបដោយអត្ថន័យនេះ ព្រមទាំងបានអាន នូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិច ពិភពលោកលើកទី៣១ និងលើកទី២១ នៅកម្ពុជា ។
លោកអភិបាលខេត្ត បានយកឱកាសដដែលអំពាវដល់អាជ្ញាធរស្រុកនិងមូលដ្ឋានក្នុងតំបន់នោះ ឱ្យរៀបចំ ពិធីប្រពៃណីបងប្អូនជនជាតិដើមឡើងវិញ ដើម្បីអភិរក្សទំនៀមទម្លាប់នេះជាប្រពៃណីដ៏ល្អផូរផង់ នៃប្អូនជនជាតិ ភាគតិច៕
ប្រភព ៖ (AKP)