ខេត្តកំពង់ស្ពឺ÷ ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូប៉ះរថយន្ត រួចម៉ូតូខ្ទាតទៅចូលរថយន្ត១គ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់ ឋិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ចន្លោះបង្គោលគីឡូម៉ែត្រ៥៩-៦០ ស្ថិតនៅក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលល្ងាចថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៥។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ2014 ពាក់ផ្លាកលេខកំពង់ស្ពឺ 1G-5214 បើកបរដោយឈ្មោះជា សុធឿន ភេទប្រុស អាយុ ៦១ឆ្នាំ របួស ធ្ងន់ (បាក់ជើងខាងឆ្វេង) រស់នៅភូមិក្រាំងដូង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីត្បូងទៅជើង។
លុះមកដល់ចំណុចកើតហេតុខាងលើក៏បានប៉ះជាមួយរថយន្ត១គ្រឿង មិនស្គាល់ម៉ាកនិងអត្តសញ្ញាណ(បានបើករថយន្តគេចខ្លួនបាត់ពេលកើតហេតុ) រួចម៉ូតូក៏ខ្ទាតទៅចូលរថយន្ត១គ្រឿងទៀត ម៉ាកNISSAN DIESEL ពណ៌ខៀវ,ពាក់ផ្លាកលេខព្រះសីហនុ 3A-3219 សណ្ដោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខភ្នំពេញ 4A-7745 បើកបរដោយឈ្មោះឡុង សារុំ ភេទប្រុស មិនស្គាល់អាស្រ័យដ្ឋាន (ចុះរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ)។
សមត្ថកិច្ចបន្តទៀតថា ក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទបង្អែកខេត្តកំពង់ស្ពឺ។ វត្ថុតាង ទាំង០២ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការតាមនីតិវិធី៕