លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងថ្មី នៃគណៈអភិបាលខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងថ្មី នៃគណៈអភិបាលខេត្តបាត់ដំបង។

ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយករង អគ្គនាយរង គណៈប្រតិភូអមដំណើរ លោក ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាល នៃគណៈអភិបាលខេត្ត សមាជិក ក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, លោកឧត្តមសេនីយ៍ស្នងការ, លោកឧត្តមសេនីយ៍មេបញ្ជាការ, លោក លោកស្រីប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត ប្រធានទីស្នាក់ការច្រកទ្វារព្រំដែន មន្រ្តីរាជការ តាមបណ្ដាមន្ទីរ អង្គភាពនានាយ៉ាងច្រើនកុះករ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការផ្ទេរភារកិច្ចមន្រ្តីរាជការបានឱ្យដឹងថា លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ត្រូវឱ្យទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ, លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង ត្រូវបានផ្ទេរឱ្យកាន់ មុខតំណែងជាអភិបាលរងខេត្តបាត់ដំបង, លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម ត្រូវបានផ្ទេរឱ្យកាន់មុខតំណែងជាអភិបាលរងខេត្តបាត់ដំបង ចំណែក លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ត្រូវបានផ្ទេរឱ្យកាន់មុខតំណែងជាអភិបាលរងខេត្តពោធិ៍សាត់។

មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះ លោក សុខ លូ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្ត បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការងារកំណែទម្រង់លើគ្រប់វិស័យដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាលំដាប់ និងការកែលម្អបរិយាកាសវិនិយោគនៅក្នុងខេត្ត។

លោក ម៉ៅ ច័ន្ទតារា បានសម្តែងនូវការកោតសសើរចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តបាត់ដំបងដែលបាន ខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទីភារកិច្ចកន្លងមកក្នុងសម្រេចបានសមិទ្ធផលការងារជាច្រើន រក្សាបានស្ថិរភាពនយោបាយ សន្តិសុខសង្គម សេដ្ឋកិច្ច និងសមិទ្ធផលនានាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ស្រេង ហុង អភិបាលរងខេត្តបាត់ដំបងទើបចូលកាន់តំណែងថ្មី បានបង្ហាញការប្ដេជ្ញាចិត្តខិតខំបំពេញការងារដោយស្មារតីយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងារជូនរាជរដ្ឋាភិបាលនិងបម្រើប្រជាជននៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។

លោក ស្រេង ហុង ប្ដេជ្ញាគោរពនិងប្រតិបត្តិការប្រកបដោយភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលនិងប្រជាជនស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការពារថែរក្សាសុខសន្តិភាពដោយមិនអនុញ្ញាតឱ្យកម្លាំងណាមួយធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនយោបាយ៕

...

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print