លោក វ៉ី សំណាង អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត

ចែករំលែក៖

ខេត្តតាកែវ ៖ ក្នុងស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងផ្ដល់អំណោយដល់ក្រុមគ្រួសារចំនួន ៣១ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត នារសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។

លោកអភិបាលខេត្តបានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ពី កាកបាទក្រហមកម្ពុជា ដែលតែងតែមានវត្តមានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់ការរើសអើងអ្វីឡើយ។ លោកបានសង្កត់ធ្ងន់ថា៖ «ការផ្ដល់ជំនួយនេះ គឺធ្វើឡើងដោយស្មារតីមនុស្សធម៌សុទ្ធសាធ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ ឬថាជា “គ្នាគេ” ឬ “គ្នាឯង” នោះទេ»។

លោកអភិបាលខេត្ត បន្ថែមទៀតថា បើទោះបីជាអំណោយទាំងនេះមិនច្រើន ប៉ុន្តែវាជាការរួមចំណែកដ៏មានតម្លៃក្នុងការជួយសម្រាលបន្ទុក និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះបានមួយរយៈពេល។ ការចុះសួរសុខទុក្ខ និងចែកអំណោយនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់។
អំណោយដែលបានផ្ដល់ជូនគ្រួសារទាំង ៣១ ទទួលបានអង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខ ១ យួរ, ទឹកត្រី ៣ ដប, ទឹកស៊ីអ៊ីវ ៣ ដប, ប្រេងឆា ១ ដប, កន្ទេល ១, ភួយ ១, តង់ ១, សារុង ១, ក្រមា ១ និងថវិកា ២០,០០០ រៀល ដោយឡែកសម្រាប់គ្រួសារទាំង ៦ ដែលរងគ្រោះរលំផ្ទះទាំងស្រុង ទទួលបានអំណោយបន្ថែមទៀត រួមមាន៖ តង់ធំ ១ និងថវិកា ២០០,០០០ រៀលផងដែរ ៕

...

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print