កន្លះឆ្នាំនេះ ច្រកចេញចូលតែមួយនៅខេត្តព្រៃវែង បម្រើពលរដ្ឋជាង២សែនសេវា

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ ច្រកចេញចូលតែមួយខេត្តព្រៃវែងបានផ្ដល់សេវាជូនប្រជាពលរដ្ឋ២៦៤.៩១២សេវា។ នេះបើតាម លោក អន ភារៈ អភិបាលរងខេត្ត ថ្លែងក្នុងបទសម្ភាស ជាមួយទូរទស្សន៍មហាផ្ទៃកាលពីពេលថ្មីៗនេះ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រៃវែង។

ក្នុងចំណោមសេវាជាង២សែននោះ លោកអភិបាលរងខេត្ត បានលម្អិតថា អង្គភាពច្រកចេញចូលតែមួយខេត្ត ផ្ដល់បាន២៧.២៣៥សេវា ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក  ផ្ដល់បាន៥៩.៩០៨សេវា និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ផ្ដល់បាន ១៧៨.៧៦៩សេវា។ 

ចំពោះការងារនេះ លោក អន ភារៈ  បានគូសបញ្ជាក់ថា លោក សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការកែសម្រួលនិងពង្រឹងប្រសិទ្ធភាពសេវាឱ្យកាន់តែល្អប្រសើរ និងអនុវត្តតួនាទី ភារកិច្ច ស្របតាមច្បាប់ និងវិធានការនានា ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ឆ្លើយតប គោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវការរបស់ប្រជាពលរដ្ឋ។ 

សូមបញ្ជាក់ថា ខេត្តព្រៃវែងមាន១៣ក្រុង ស្រុក មាន១១៦ ឃុំ សង្កាត់ ភូមិ មានចំនួន១១៦៨ភូមិ និងមានប្រជាជនរស់នៅសរុប ៣០៥.៥៨៦គ្រួសារ ស្មើនឹង១.២៩១.៦៩៩នាក់ ស្រី៦៦៦.៧១៩នាក់៕ 

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print