ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃសិល ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នៅប្រាសាទព្រះគោ ស្ថិតនៅឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងមានរៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុំសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង រួមនិងសមាជិក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តស្ទឹងត្រែង មន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ផ្តួចផ្តើមប្រារព្ធពិធីបួងសួង បានប្រារព្ធឡើងដើម្បីសេចក្ដីសុខ សេចក្ដីចម្រើនជូនដល់កងទ័ពកម្ពុជាកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ និងប្រជាពលរដ្ឋទូទាំងប្រទេស។
ជាពិសេសដើម្បីបញ្ចៀសចេញ បណ្ដេញចោល នូវអស់បច្ចាមិត្ដដែលប៉ុងប៉ង ឈ្លានពាន បូរណភាពទឹកដីនៃព្រះរាជាណាចកម្ពុជា និងរឿងអពមង្គលទាំងឡាយ ឱ្យចៀសចាកចេញឆ្ងាយ ពីលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតរៀងទៅ។
ការប្រារព្ធពិធីបួងសួង សុំនូវសេចក្ដីសុខ សេចក្ដីចម្រើន សុខសន្ដិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា មានពិធីថ្វាយបង្គុំ ព្រះគោ ជាទីសក្ការៈបូជាដ៏ស័ក្កសិទ្ធិ និងទស្សបរមីទាំងអស់ ក្នុងឱកាសប្រារព្ធពិធីបួងសួងប្រកបដោយសទ្ធាជ្រះថ្លាក្នុងព្រះធម៌ បានរៀបចំនូវគ្រឿងតង្វាយ មានបាយសី ស្លាធម៌ ម្លូស្លា ផលានុផល គ្រប់មុខ ដាក់តាមថ្នាក់ជាលំដាប់លំដោយ ថ្វាយទស្សបរមី វត្ថុស័ក្កសិទ្ធិ ឬទ្ធិបារមី នៃព្រះសម្មាសម្ពុទ្ធគ្រប់ៗព្រះអង្គ។
លោកអភិបាលខេត្ត បានបួងសួងប្រគេនពរជ័យដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ សូមឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា ប្រទេសជាតិមានសន្តិភាពជារៀងរហូត។
ជាពិសេស សូមឱ្យប្រទេសជាតិរួចផុតពីជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត និងសូមឱ្យវីរកងទ័ពជួរមុខកម្ពុជាទទួលបានសេចក្តីសុខ ការពារដែនអធិបតេយ្យភាព បូរណ ភាបទឹកដីនៃកម្ពុជាពីពួកឈ្លានពាន៕
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង