ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅឯសាលប្រជុំសាលាខេត្តស្ទឹងត្រែង មានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត និង លោក លោកស្រី តំណាងរដ្ឋបាលក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព កងកំលាំងទាំងបីប្រភេទ ព្រមទាំងអ្នកពាក់ព័ន្ធនានាជុំវិញខេត្ត ផងដែរ ។
មានមតិដឹកនាំកិច្ចប្រជុំឯកឧត្តម ឈៀង ឡាក់ បានមានប្រសាសនថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យអនុម័តទៅលើសេចក្តីព្រាងសេចក្តីសម្រេចតាមរបៀបវីរះអង្គប្រជុំនិងពិនិត្យសម្រេចបេក្ខភាពមន្ត្រីដែលត្រូវស្នើសុំតែងតាំងជានាយករងរដ្ឋបាលសាលាខេត្តមួយរូប និងការពិនិត្យអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចពាក់ព័ន្ធមួយចំនួនដែលតម្រូវឲ្យមានការកែសម្រួលស្របទៅនឹងការចាំបាច់ជាក់ស្ដែងផងដែរ។
ទន្ទឹមនិងនោះដែរឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានសំដែងនូវការកោតសរសើរនិងថ្លែងអំណរគុណដល់អភិបាលនិងគណៈអភិបាលខេត្តថ្នាក់ដឹកនាំកងកម្លាំងទាំងបីមន្ទីរអង្គភាពជំនាញជុំវិញខេត្តរដ្ឋបាលក្រុងស្រុកដែលបានរួមចំណែកគ្នាយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន ជាពិសេសគឺការបន្តបេសកកម្ម ក្នុងការក្តាប់ជាប់សភាពការណ៍និងធ្វើជាកម្លាំងជួរក្រោយដ៏រឹងមាំនិងឥតស្រាកស្រាន្តប្រមូលទាំងកម្លាំងធនធាននិងគោលជំហរសន្តិអារម្មណ៍មកគាំទ្រដល់កម្លាំងសមរភូមិជួរមុខយ៉ាងក្លៀវក្លាផងដែរ។
នាឱកាសនោះដែរឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថាដើម្បីធានាដល់ការសម្រេចបាននូវលទ្ធផលគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពតាមកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដែលឆ្លុះបញ្ចាំងនៅគោលការណ៍នៃអភិបាលកិច្ចល្អតម្លាភាពការចូលរួមប្រកបដោយប្រសិទ្ធភាពនិងគុណវុទ្ធ ធានានៅភាពជាម្ចាស់ព្រមទាំងអនុវត្តបាននូវភាពជោគជ័យនោះអាស្រ័យហេតុនេះឯកឧត្តមបានសម្រេចស្នើសុំតែងតាំងពីប្រធានក្រុមប្រឹក្សាខេត្តដែលជាប្រធានអង្គប្រជុំឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាមេត្តាពិនិត្យនិងអនុម័តដល់មន្ត្រីដែលបានស្នើសុំតែងតាំងក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តដើម្បីបំពេញនៅចន្លោះដែលនៅទំនេរផងដែរ ៕
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង