សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចាត់តំណាងនាំយកបច្ច័យ និងទេយ្យទានចូលរួមពិធីកាន់បិណ្ឌវេនទី៨ នៅតាមវត្តអារាមចំនួន៣ ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង លោកស្រី ឃួន វីឡាវណ្ណ ទីប្រឹក្សាផ្ទាល់របស់សម្តេច នៅព្រឹកថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃកាន់បិណ្ឌវេនទី៨ នាំយកបច្ច័យ និងទេយ្យទានផ្ទាល់របស់សម្តេច អញ្ជើញចូលរួមពិធីកាន់បិណ្ឌ វេនទី៨ ជាមួយប្រជាពុទ្ធបរិស័ទ នៅវត្តចំនួនបី ផ្សេងគ្នា ដូចជា៖ វត្តពិភ័ទ្ទរង្សី ហៅវត្តដំដែកខាងជើង វត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តដំដែកខាងត្បូង និងវត្តវ៉ារិន្ទព្រែកលៀប ស្ថិតនៅក្នុងរាជធានីភ្នំពេញ។

លោកស្រី ឃួន វីឡាវណ្ណ បានចូលរួមពិធីបុណ្យកាន់បិណ្ឌ វេនទី៨ នៅវត្តអារ៉ាមទាំងបីខាងលើ តាមគន្លងប្រពៃណីពុទ្ធសាសនា ដោយបានឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន វីរជនស្នេហាជាតិ ញាតកាទាំងប្រាំពីរសន្ដាន ពិសេសជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីការពារបូរណភាពទឹកដី និងបានបួងសួង សុំសេចក្តីសុខចម្រើនជូនជាតិមាតុភូមិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជានិច្ចនិរន្តរ៍តរៀងទៅ។

បច្ច័យរបស់សម្តេចប្រធានរដ្ឋសភា បានវេរប្រគេនព្រះសង្ឃតាមវត្តអារាមនីមួយៗមាន វត្តព្រះពុទ្ធឃោសាចារ្យ បច្ច័យចំនួន ៤លាន៥សែនរៀល វត្តពិភ័ទ្ទរង្សី បច្ច័យចំនួន ៤លាន៤សែនរៀល និងវត្តវ៉ារិន្ទព្រែកលៀប បច្ច័យចំនួន ៤លាន៥សែនរៀល ព្រមទាំងទេយ្យទានជាច្រើន។

បុណ្យកាន់បិណ្ឌត្រូវបានពលរដ្ឋខ្មែរប្រារព្ធតាំងពីបុរាណកាលមក ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធញាតកាទាំងប្រាំពីរសន្តាន រួមមាន ជីដូន ជីតា មាតា បិតា បងប្អូន កូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print