ភ្នំពេញ ៖ «សហគមន៍កសិកម្មក្រងតេះ»៖ សហគមន៍កសិកម្មតែមួយគត់ដែលមានជំនាញដាំផ្លែស្រកានាគនិងផលិតស្លឹកមននៅខេត្តមណ្ឌលគីរី ហើយដែលមានសមាជិកភាគច្រើនជាជនជាតិភាគតិច។ នេះជាការលើកឡើងពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅលើផេកផ្លូវការរបស់លោក នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ៖ សហគមន៍នេះកំពុងទទួលបានការគាំទ្រដោយផ្ទាល់ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម ក្នុងទំហំទឹកប្រាក់សរុបជាង២លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពដាំដុះផ្លែស្រកានាគនិងស្លឹកមន ក៏ដូចជាវិនិយោគលើការកសាងប្រព័ន្ធស្រោចស្រពនិងផ្លូវកៅស៊ូជិត១០គីឡូម៉ែត្រផងដែរ។ បច្ចុប្បន្ន ក្រុមការងារក្រសួងកំពុងសិក្សាជាមួយថ្នាក់ដឹកនាំសហគមន៍ ដើម្បីពិនិត្យលទ្ធភាពប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដោយគ្រោងនឹងបន្ថែមដំណាំម្រេចនិងកាហ្វេទៅក្នុងផែនការអាជីវកម្មផងដែរ៕
ដោយ ៖ សិលា