ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Leung Chun Ying អគ្គនាយកមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន និងសហការី កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា និងការអញ្ជើញមកទទួលគ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាលកម្ពុជាដែលបំពាក់ជូនដោយលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន។
ក្នុងជំនួបពិភាក្សាការងារដ៏សំខាន់ និងប្រកបដោយផ្លែផ្កា គូភាគី បានផ្លាស់ប្តូរយោបល់ទស្សនៈបន្ថែមលើកិច្ចសហប្រតិបត្តិរវាងមូលនិធិ GX ដែលមានមូលដ្ឋាននៅតំបន់រដ្ឋបាលពិសេសហុងកុង និងក្រសួងទេសចរណ៍ ដោយផ្តោតលើការចូលរួមជួយក្នុងសកម្មភាពមនុស្សធម៌នៅតំបន់ជនបទមួយចំនួន ព្រមទាំងការជួយបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជននៅតំបន់រដ្ឋបាលពិសេសហុងកុងឱ្យមកធ្វើដំណើរទេសចរនៅកម្ពុជាឱ្យបានច្រើនឡើងបន្ថែមទៀត៕