សមត្ថកិច្ចខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីហិង្សាវាយគ្នាលើផ្លូវជាតិលេខ៧

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា ៖ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដែលកើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅលើផ្លូវជាតិលេខ៧ ក្នុងភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក។

ករណីនេះបានចាប់ផ្ដើមល្បីរន្ទឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយឈ្មោះ “បង ចែ” បានបង្ហោះវីដេអូឃ្លីបរយៈពេល ១១វិនាទី បង្ហាញពីសកម្មភាពយុវជនប្រមាណ ១០នាក់ វាយប្រហារគ្នាទៅវិញទៅមកដោយប្រើមួកសុវត្ថិភាព។ ភ្លាមៗនោះ ឪពុករបស់ជនរងគ្រោះឈ្មោះ ប្រេស ឡឹម អាយុ ៤៥ឆ្នាំ រស់នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ បានដាក់ពាក្យបណ្ដឹងថា កូនប្រុសរបស់គាត់ឈ្មោះ ដេត ម៉េងលាង អាយុ ១៦ឆ្នាំ ត្រូវបានក្រុមយុវជនទាំងនោះវាយបណ្ដាលឲ្យរងរបួសក្បាល និងកញ្ចឹងក។

ក្រោយទទួលបានបណ្ដឹង និងព័ត៌មានពីបណ្ដាញសង្គម កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ រួមមាន៖

-ឈ្មោះ នាត ណារ៉េត ភេទប្រុស ឆ្នាំកំណើត ២០០៨
-ឈ្មោះ រ៉េន រ៉ូ ភេទប្រុស ឆ្នាំកំណើត ២០០៩
-ឈ្មោះ ម៉ុន សុភី ភេទប្រុស ឆ្នាំកំណើត ២០០៨
ជនសង្ស័យទាំងបីនាក់នេះ រស់នៅភូមិថ្មីសែនជ័យ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានោះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ឆ្នាំ២០២៥ ផងដែរ។

ក្រោយការសាកសួរ ជនសង្ស័យទាំងបីនាក់បានសារភាពថា ពួកគេពិតជាបានចូលរួមក្នុងអំពើហិង្សានោះមែន។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print