ទីក្រុងប៉េកាំង ស្នើ អាមេរិក និងជប៉ុន ដកប្រព័ន្ធខែលប្រឆាំងមីស៊ីល Typhon ចេញពីតំបន់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ចិន នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា បានជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុន ដកប្រព័ន្ធខែលប្រឆាំងមីស៊ីល Typhon ផលិតដោយសហរដ្ឋអាមេរិកចេញពីតំបន់ បន្ទាប់ពី ខែលប្រឆាំងមីស៊ីលនេះបានបង្ហាញវត្តមានក្នុងប្រទេសជប៉ុនជាលើកដំបូង អំឡុងសមយុទ្ធយោធារួមគ្នា។

ក្រសួងការពារជាតិជប៉ុន បានឱ្យដឹងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថាជប៉ុន និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាឈ្មោះ «Resolute Dragon» កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ហើយសមយុទ្ធនេះនឹងត្រូវបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៥ ខែកញ្ញា។ កងកម្លាំងស្វ័យការពារជប៉ុន បានបញ្ជាក់ប្រាប់ AFP ថាប្រព័ន្ធខែលប្រឆាំងមីស៊ីល Typhon ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងប្រទេសជប៉ុន អំឡុងការធ្វើលំហាត់សឹករួមគ្នា តែប្រព័ន្ធនេះមិនត្រូវបានបាញ់តេស្ដអ្វីឡើយ។
ជាការបញ្ចេញប្រតិកម្មតបត ក្រសួងការបរទេសចិនវិញ កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងជប៉ុន ដកប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះ។ «សហរដ្ឋអាមេរិក និងជប៉ុន ដោយមិនខ្វល់ពីការព្រួយបារម្ភចិន បានដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីលរយៈចម្ងាយមធ្យម Typhon ក្នុងប្រទេសជប៉ុន ក្រោមលេសធ្វើសមយុទ្ធយោធារួមគ្នា»។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសន្និសីទសារព័ត៌មានខ្លីៗប្រចាំថ្ងៃ។ លោក Lin Jian បន្ថែមថា «ចិនពិតជាមិនសប្បាយនោះទេ ហើយប្រឆាំងជំទាស់ដាចខាតនឹងការដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីល Typhon»។
បើតាមសេចក្ដីរាយការណ៍មួយកាលពីខែមេសា នៅលើគេហទំព័ររបស់វិទ្យាស្ថានកងទ័ពជើងទឹកអាមេរិក US Naval Institute ប្រព័ន្ធខែលប្រឆាំងមីស៊ីល Typhon របស់សហរដ្ឋអាមេរិកគឺជាផ្នែកមួយនៃប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពវាយប្រហារចំៗគោលដៅ។ ប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះក៏ត្រូវបានសហរដ្ឋអាមេរិក ដាក់ពង្រាយនៅភាគខាងជើងប្រទេសហ្វីលីពីនកាលពីឆ្នាំ២០២៤ សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំផងដែរ៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print