ប្រធានាធិបតីពូទីនបាននិយាយថាទាហាន 100,000 នាក់កំពុងចូលរួមក្នុងសមយុទ្ធរួមគ្នា Zapad-2025 ដែលនេះជាលើកទីមួយហើយដែលទីក្រុងម៉ូស្គូបានបង្ហាញទំហំនៃព្រឹត្តិការណ៍នេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃទី 16 ខែកញ្ញាថា “ខ្ញុំបានស្នើឱ្យរដ្ឋមន្ត្រីការពារជាតិរាយការណ៍អំពីការត្រៀមខ្លួនរបស់កងកម្លាំង មុនពេលដំណាក់កាលចុងក្រោយនៃសមយុទ្ធយុទ្ធសាស្ត្រ Zapad-2025 ។ ខ្ញុំសូមជូនពរឱ្យអ្នកគ្រប់គ្នាជួបតែសំណាងល្អ” ។
នៅក្នុងព្រឹត្តិការណ៍នោះ លោក ពូទីន ក៏បាននិយាយផងដែរថា ទាហាន 100,000 នាក់ និងប្រព័ន្ធសព្វាវុធប្រហែល 10,000 កំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះនៅទីលានហ្វឹកហាត់ចំនួន 41 ។ នាវាកងទ័ពជើងទឹកជាង 247 គ្រឿង រួមទាំងនាវាលើផ្ទៃ នាវាមុជទឹក និងនាវាជំនួយ ក៏កំពុងធ្វើសមយុទ្ធ និងបាញ់គ្រាប់រំសេវនៅតាមតំបន់សមុទ្រផ្សេងៗផងដែរ។
នេះជាលើកទីមួយហើយដែលរុស្ស៊ីបានប្រកាសពីទំហំកម្លាំងដែលចូលរួមក្នុងសមយុទ្ធ Zapad-2025។ ក្រសួងការពារជាតិបេឡារុស្សកាលពីមុនបានប្រកាសអំពីការចល័តទាហានចំនួន 7,000 នាក់សម្រាប់ព្រឹត្តិការណ៍ដែលកើតឡើងនៅលើទឹកដីរបស់ខ្លួន។
វិមានក្រឹមឡាំងបាននិយាយថា ទាហានមកពីប្រទេសឥណ្ឌា អ៊ីរ៉ង់ បង់ក្លាដែស ប៊ូគីណាហ្វាសូ កុងហ្គោ និងម៉ាលីក៏បានចូលរួមដោយផ្ទាល់នៅក្នុងសមយុទ្ធមួយចំនួនផងដែរ។
មេដឹកនាំរុស្ស៊ីបានអះអាងថា គោលដៅនៃ Zapad-2025 គឺអនុវត្តខ្លឹមសារនៃការការពាររដ្ឋសហភាព រួមទាំងរុស្ស៊ី និងបេឡារុស្សពីការឈ្លានពានពីបរទេស។ លោកពូទីនបាននិយាយថា “ផែនការសមយុទ្ធគឺផ្អែកលើបទពិសោធន៍ដែលទទួលបានក្នុងអំឡុងពេលប្រតិបត្តិការពិសេស” ។
ទីក្រុងមូស្គូ និងទីក្រុង Minsk ទាំងពីរបានទទូចថា សមយុទ្ធនេះមិនសំដៅលើប្រទេសណាមួយឡើយ ប៉ុន្តែព្រឹត្តិការណ៍នេះ នៅតែធ្វើឱ្យតំបន់ភាគខាងកើតរបស់អង្គការណាតូ មានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបន្ទាប់ពីយន្តហោះគ្មានមនុស្សបើករុស្ស៊ីជាច្រើនគ្រឿង ដែលសង្ស័យថាបានរំលោភចូលទឹកដីប៉ូឡូញកាលពីសប្តាហ៍មុន៕
រូបថត: AFP