លោកអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថា នឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី

ចែករំលែក៖

ប្រទេសម៉ាឡេស៊ី ៖ ឆ្លៀតក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម KARA-OOL Shalban អនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ី (ឌូម៉ា) ដើម្បីពង្រឹងពង្រីកទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណរុស្ស៊ីដែលតំាងពីអតីតសហភាពសូវៀត បានចូលរួមគាំទ្រ ដល់ការស្តារនិងអភិវឌ្ឍន៍សង្គមកម្ពុជាឡើងវិញក្រោយពីថ្ងៃទី៧មករាឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ។ ឆ្នាំ២០២៥ នេះ ជាខួបគម្រប់៦៩ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយឆ្នាំ២០២៦ នឹងឈានដល់គម្រប់ខួបទី៧០ឆ្នាំ។ ដូចនេះប្រទេសទាំងពីរគួររៀបចំបង្កើតព្រឹត្តិការណ៍រួមគ្នាអ្វីមួយ ដើម្បីអបអរសាទរនូវសមិទ្ធផលគួរជាទីមោទនៈជាច្រើន ដែលកើតចេញពីចំណងមិត្តភាព ទំនាក់ទំនងដ៏ល្អយូរអង្វែង និងភាពជាដៃគូនៃប្រទេសទាំងពីរ។

លោក KARA-OOL Shalban បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភានិងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដោយបានគូសបញ្ជាក់ថាក្នុងឱកាសខួប ៧០ឆ្នាំនៃចំណងមិត្តភាពនេះប្រទេសទាំងពីរត្រូវតែពង្រឹងពង្រីកទំនាក់ទំនងគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ដោយ លោកបានសន្យាថានឹងខិតខំជំរុញឱ្យមានការជើងហោះហើរត្រង់រវាងកម្ពុជានិងរុស្ស៊ី ដើម្បីងាយស្រួលដល់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន និងបានអបអរសាទរចំពោះការគាំទ្រគ្នាទៅវិញទៅមករវាងសភាប្រទេសទាំងពីរនៅលើវេទិកាអន្តរជាតិនានា ហើយកម្ពុជានិងរុស្ស៊ី ក៏បានសិក្សាបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាច្រើនវិស័យដែរ នៅក្នុងនោះមានការបោះឆ្នោតជាដើម។

ជាចុងសញ្ចប់សម្តេចបានស្នើដល់រុស្ស៊ីជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសទាំងពីរឱ្យមានកំណើនបន្តទៀត។ នៅក្នុងនោះសម្តេចក៏បានស្នើដល់រុស្ស៊ី បន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសហព័ន្ធរុស្ស៊ីឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើមនុស្ស ជាកត្តាអាទិភាពខ្ពស់បំផុត។
ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរ បានសន្យាថាបន្តរក្សាការផ្លាស់ប្តូរទស្សនកិច្ច គាំទ្រគ្នាទៅវិញទៅមក និងការពិគ្រោះយោបល់កម្រិតខ្ពស់។ ការពង្រឹងចំណងមិត្តភាពទាំងនេះ នឹងជួយជំរុញការយល់ដឹងគ្នាទៅវិញទៅមក កសាងទំនុកចិត្ត ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិកាន់តែរឹងមាំនិងស៊ីជម្រៅ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print