ខេត្តកណ្ដាល÷ កម្លាំងកងរាជអាវុធហត្ថស្រុកល្វាឯម ខេត្តកណ្ដាលបានបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ៣នាក់ ជាមួយវត្ថុតាងជាសារធាតុញៀនចំនួន ២១កញ្ចប់។ ការចាប់ខ្លួននេះធ្វើ ឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា ជន សង្ស័យទាំង ៣នាក់សុទ្ធតែជាបុរសជនជាតិខ្មែរ ហើយមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+)។ ជនទាំងនោះមានឈ្មោះ វ៉ាន់ ចាន់ថន ហៅចិត្ដភេទប្រុស, អាយុ៣១ ឆ្នាំដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារព្រៃស ១ឆ្នាំកន្លះករណីគ្រឿងញៀន,ចាន់ ហៀង ភេទប្រុស អាយុ ៣១ឆ្នាំនិងឈ្មោះ នៅ អុលភេទប្រុស អាយុ៣០ឆ្នាំ។
មន្ត្រីកងរាជអាវុធហត្ថបានបន្តថា ការចុះបង្ក្រាបនេះធ្វើឡើងក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ។ ពេលចុះដល់គោលដៅ ពួកគេបានប្រទះ ឃើញជនសង្ស័យម្នាក់កំពុងជិះម៉ូតូតាមផ្លូវ ហើយបានឃាត់សួរនាំ។ ពេលឆែកឆេរ ពួកគេបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៥ កញ្ចប់តូច នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យនោះ។
ដោយមានការសារភាពពីឈ្មោះ វ៉ាន់ ចាន់ថន ថាខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ចាន់ ហៀង សមត្ថកិច្ចក៏បានបន្តទៅឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀតគឺឈ្មោះ ចាន់ ហៀង និងឈ្មោះ នៅ អុល។ ពេលនោះ សមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន ៦កញ្ចប់ទៀត ដែលជារបស់ឈ្មោះ ចាន់ ហៀង។
វត្ថុតាងសរុបដែលចាប់យកបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ២១កញ្ចប់ (តូច ១៥កញ្ចប់ មធ្យម ៦កញ្ចប់), ជញ្ជីងថ្លឹងថ្នាំញៀន ១, ទូរសព្ទ ២គ្រឿង, ម៉ូតូ Honda Cub 50 គ្មានស្លាកលេខ ១គ្រឿង និងសម្ភារៈប្រើប្រាស់ (ជក់) មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕