ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និង លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពជា បានអញ្ជើញ ចុះហត្ថលេខា លើកិច្ចព្រមព្រៀង គម្រោងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥។
ពិធីដែលត្រូវបានរៀបចំធ្វើឡើង នៅឯក្រសួងការបរទេសកម្ពុជា នារាជធានភ្នំពេញ ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នាពេលនេះ បានឆ្លុះបញ្ចាំងថា ចិននៅតែបន្តជំនួយដល់កម្ពុជា ក្រោមក្របខណ្ឌមេគង្គ-ឡានឆាង ខណៈដែលបច្ចុប្បន្ននេះ កម្ពុជាទទួលបានគម្រោងរាប់សិបគម្រោង តម្លៃរាប់សិបលានដុល្លារ ពីភាគីចិន។
លោក Wang Wenbin មានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជា គឺជាដៃគូក្នុងការអភិវឌ្ឍ និងជាអ្នកដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រទេសចិនបានគាំទ្រគម្រោងរបស់កម្ពុជា ជាបន្តបន្ទាប់ ដែលគ្របដណ្តប់លើការកាត់បន្ថយភាពក្រីក្រ ការបោសសម្អាតមីន ការអប់រំ ការការពារ និងគ្រប់គ្រងជំងឺត្រូពិច និងការជួសជុលលំនៅដ្ឋាន សម្រាប់ជនរងគ្រោះ ដោយគ្រោះមហន្តរាយ ជាដើម។ គម្រោងទាំងនេះបានផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជន រាប់សែននាក់ នៅក្នុងខេត្ត ចំនួន១០ នៅកម្ពុជា ដោយទទួលបានលទ្ធផលជាក់ស្តែង។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៥ នេះ កម្ពុជាទទួលបានគម្រោង ចំនួន ១១បន្ថែមទៀត ដែលមានតម្លៃ ប្រមាណ២លាន៥សែនដុល្លារអាមេរិក ដែលត្រូវបានចុះហត្ថលេខា នាពេលនោះ។ ឯកឧត្តមថា ការណ៍នេះបង្ហាញពីការគាំទ្ររបស់មិត្តចិន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។ គម្រោងទាំងនេះ ផ្តោតសំខាន់ លើការអប់រំ, ការបណ្តុះបណ្តាបច្ចេកទេស និងវិជ្ជាជីវៈ, ការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌, ការពង្រឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ការលើកកម្ពស់សមត្ថភាពស្ត្រី ការអភិវឌ្ឍតំបន់ទេសចរណ៍, ការអភិវឌ្ឍកសិកម្ម និងការលើកកម្ពស់ ការយល់ដឹង អំពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
លោកឧបនាយករដ្ឋមន្ត្រី ចាត់ទុកមូលនិធិពិសេសនេះ គឺជាកម្លាំងចលករដ៏សំខាន់ ដែលបានធ្វើឲ្យសមារណកម្ម ក្នុងតំបន់កាន់តែស៊ីជម្រៅ បន្ថែមទៀត និងរួមវិភាគទានក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព វិបុលភាព សម្រាប់ប្រទេសជាសមាជិកទាំងអស់។
«ឆ្នាំ២០២៥នេះ គឺជាឆ្នាំដ៏មានសារៈសំខាន់ ដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ-ឡានឆាង លើលទី១០ នាខែសីហា កន្លងទៅ បានកំណត់យកមូលបទ ទសវត្សរ៍មាស ការបន្តប្តេជ្ញាចិត្តក្នុងការកសាងសហគមន៍មួយ កាន់តែប្រសើរឡើង តាមរយៈសាមគ្គីភាព ដើម្បីរម្លឹកខួប១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ព្រមទាំង បានជំរុញចក្ខុវិស័យរួមរបស់ខ្លួន ចំពោះសហគមន៍ វាសនារួមមួយ ប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ សម្រាប់ប្រទេសមេគង្គ-ឡានឆាង ទាំងអស់»៕
ប្រភព ៖ (CCFR)