អាម៉េរិក ៖ បុរសជនសង្ស័យTyler Robinson បានសារភាពថាបានបាញ់សម្លាប់លោកCharlie Kirk សកម្មជននយោបាយដ៏លេចធ្លោរបស់គណបក្សសាធារណរដ្ឋ ដែលជាបក្សកំពុងកាន់អំណាចនៅអាមេរិក នៅក្នុងសារដែលបានផ្ញើទៅកាន់ដៃគូរួមបន្ទប់ឬដៃគូស្នេហារបស់លោក។ រដ្ឋអាជ្ញានៅក្នុងរដ្ឋ Utahសហរដ្ឋអាមេរិក បានទម្លាយសារនិងកំណត់ហេតុដែលRobinson បានប្រាប់និងលាក់ទុក យ៉ាងដូច្នេះថា នៅថ្ងៃបាញ់សម្លាប់លោក Kirk, លោក Robinsonរសាប់រសល់នៅមិនសុខ ក៏បានផ្ញើសារប្រាប់ដៃគូរបស់លោក ឱ្យទៅមើលកំណត់ហេតុដែលលោកលាក់ទុកនៅក្រោម keyboard ដោយ សរសេរថា លោកមានឱកាសសម្លាប់លោក Kirk ហើយលោកនឹងសម្លាប់។ នៅក្នុងសារឆ្លើយឆ្លងគ្នា លោក Robinsonបានសុំទោសទៅកាន់ដៃគូ ដោយនិយាយថា លោកសង្ឃឹមថារឿងនេះត្រូវបានលាក់ទុកជាអាថ៌កំបាំងរហូតដល់ថ្ងៃលោកចាស់ជរាស្លាប់។
ប៉ុន្តែក្រោយអានសារនេះ បានធ្វើឱ្យដៃគូរបស់Robinson មានការតក់ស្លត់យ៉ាងខ្លាំង ហើយបានសួរទៅRobinsonថា ហេតុអ្វីបានជាបាញ់សម្លាប់លោក Kirk? Robinsonបានឆ្លើយថា លោកស្អប់លោកKirkខ្លាំងណាស់ និងបន្ថែមថា ការស្អប់ខ្លះមិនអាចចរចាគ្នាបានទេ ឬអាចនិយាយបានថាមិនអាចទុកឱកាសឱ្យនៅរស់ មិនអាចទ្រាំមើលឃើញមុខលោកKirkបានតទៅទៀត។ លោក Robinson បានប្រាប់ដៃគូទៀតថា លោកបានរៀបចំផែនការសម្លាប់លោក Kirk អស់រយៈពេលជាងមួយសប្តាហ៍មកហើយ។
Robinsonក៏មានគម្រោងត្រលប់ទៅយកកាំភ្លើង ដែលលោកបានរុំជាមួយកន្សែងទម្លាក់ទុកចោល ក្រោយការបាញ់ប្រហារផងដែរ ពីព្រោះបារម្ភខ្លាចគ្រួសាររបស់លោកសួររក ប៉ុន្តែភាគច្រើនទីតាំងនោះត្រូវបានបិទខ្ទប់។ ក្រោយមក Robinsonដែលមានអាយុ២២ឆ្នាំ បានប្រាប់ដៃគូឱ្យលុបសារទាំងនេះចោល និងធ្វើដូចមិនដឹងរឿង ដោយកុំផ្តល់បទសម្ភសន៍ឬនិយាយអ្វីទាំងអស់ ប្រសិនបើប៉ូលិសសួរនាំ។
ដោយឡែក Robinsonហាក់បានសារភាពប្រាប់ឪពុក ម្តាយដែលជាអ្នកបញ្ចុះបញ្ចូលកូនប្រុសរបស់ពួកគេ ឱ្យប្រគល់ខ្លួនឱ្យប៉ូលិស។ ឪពុក ម្តាយរបស់Robinsonហាក់ចំណាំកូនខ្លួនឯងបាន នៅក្នុងវីដេអូដែលថតបានដោយមេរ៉ាសុវត្ថិភាពនិងត្រូវបានផ្សព្វផ្សាយជាសាធារណៈ ហើយបានទាក់ទងទៅកាន់កូនប្រុសដើម្បីសួរនាំ។ ដំបូងRobinsonបានបដិសេធ ហើយក្រោយមកបានបង្ហាញពីអារម្មណ៍ចង់សម្លាប់ខ្លួនប្រសើរជាងជាប់ពន្ធនាគារ។ បន្ទាប់ពីបញ្ចុះបញ្ចូលកូនប្រុសបានសម្រេច គ្រួសារបានប្រាប់Robinson ឱ្យនាំយកភស្តុតាងទាំងអស់ប្រគល់ឱ្យប៉ូលិសផង ដើម្បីចៀសវាងការចុះមកឆែកឆេរដល់ផ្ទះ ប៉ុន្តែRobinsonបានប្រាប់ថា លោកបានបោះចោលសំលៀកបំពាក់ដែលលោកបានពាក់អំឡុងពេលបាញ់ប្រហារនោះហើយ។ ដូច្នេះ នេះជាការបញ្ជាក់យ៉ាងច្បាស់របស់Robinsonទៅកាន់ឪពុក ម្តាយ ថាលោកគឺជាឃាតករ។
បន្ថែមពីលើនេះ កន្សែង កាំភ្លើង និងគ្រាប់រំសេវដែលត្រូវបានបញ្ជូនទៅធ្វើកោសល្យវិច្ច័យ បានរកឃើញថាDNA គឺត្រូវគ្នានឹងជនជាប់ចោទRobinson ត្រង់កន្លែងកេះកៃកាំភ្លើង។ ម្យ៉ាងវិញទៀត ប្រភេទកាំភ្លើងមួយដើមរុំជាមួយកន្សែង ដែលសមត្ថកិច្ចរកឃើញភ្លាមៗ ក្រោយការបាញ់ប្រហារ និងគ្រាប់ដែលបាញ់ក៏ត្រូវគ្នាដែរ។
យោងតាមឯកសារចោទប្រកាន់រដ្ឋអាជ្ញានិយាយថា Robinsonមានចេតនាកំណត់គោលដៅសម្លាប់លោក Kirk ដោយសារតែ ជំនឿ ឬការយល់ឃើញរបស់ Robinson ទាក់ទងនឹងការបញ្ចេញមតិនយោបាយរបស់ លោកCharlie Kirk ។ តែរដ្ឋអាជ្ញាមិននិយាយលម្អិតជាពិសេស អំពី បញ្ហាដែលជំរុញឱ្យ Robinson បាញ់សម្លាប់លោក Kirk ដែលជាករណីឃាតកម្មធ្វើឱ្យកក្រើកសហរដ្ឋអាមេរិកនោះទេ។
យោងតាមសារនិងភស្តុតាងដែលប្រមូលបាន ដោយមានការសហការពីគ្រួសារនិងដៃគូរបស់ជនសង្ស័យ រដ្ឋអាជ្ញាបានសម្រេចចោទប្រកាន់Robinsonជាផ្លូវការ នៅថ្ងៃអង្គារទី១៦ខែកញ្ញាឆ្នាំ២០២៥ ពីបទមនុស្សឃាតមានស្ថានទម្ងន់ទោស និងបទចោទប្រកាន់ចំនួន៦ផ្សេងទៀត ហើយរដ្ឋអាជ្ញាកំពុងតែស្វែងការកាត់ទោសប្រហារជីវិតឃាតករវ័យក្មេងរូបនេះផងដែរ។
សូមជម្រាបជូនថា លោកCharlie Kirkអាយុ៣១ឆ្នាំ ជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងលបបាញ់សម្លាប់ពីលើដំបូលអគារ អំឡុងពេលដែលសកម្មជននយោបាយដ៏លេចធ្លោរូបនេះ កំពុងបញ្ចេញវោហាសាស្រ្ត ទៅកាន់ហ្វូងមនុស្ស៣,០០០នាក់នៅសាកលវិទ្យាល័យ Utah Valley University កាលពីថ្ងៃទី ១០ ខែកញ្ញាឆ្នាំ២០២៥ ។ លោកKirk ជាសហស្ថាបនិកក្រុម Turning Point USA ដែលជាអង្គការយុវជនអភិរក្សដ៏ធំបំផុតនៅក្នុងប្រទេស ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការគាំទ្រអ្នកបោះឆ្នោតវ័យក្មេងសម្រាប់លោកត្រាំនៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤៕
ប្រភព ៖ វិទ្យុវាយោ #VAYO #VAYORadio