ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា មហាវិថី សម្តេចតេជោ ហ៊ុន សែន ត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេល ៨ឆ្នាំ កន្លងមកនេះ មហាវិថីសម្តេចតេជោ ហ៊ុន សែន បានក្លាយជាផ្លូវដ៏មមាញឹកមួយក្នុងរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋ និងអ្នកដំណើរគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ ជាពិសេសមហាវិថីនេះ បានជួយ សម្រួលការកកស្ទះចរាចរណ៍ និងកាត់បន្ថយរយៈពេល ធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងបានជំរុញឱ្យមានការអភិវឌ្ឍនិងកំណើនប្រជាសាស្ត្រ នៅប៉ែកខាងត្បូង នៃរាជធានីភ្នំពេញ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥នេះ ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានធ្វើឱ្យ ប៉ែកខាងត្បូង នៃរាជធានីភ្នំពេញ មានការអភិវឌ្ឍនិងមានកំណើនប្រជាសាស្ត្រយ៉ាងឆាប់រហ័ស ជាពិសេសនៅ ក្រោយពេលការដាក់ឱ្យដំណើរការនូវ អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានធ្វើឱ្យ មហាវិថីសម្តេចតេជោ ហ៊ុន សែន មានសភាពកាន់តែមមាញឹក ដែលអាចបង្កជាការរំខានដល់ការ ធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។ ដូចនេះ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និង បង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់, ម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដឹកជញ្ជូនតាមរយៈរថយន្តធុនធ្ងន់គ្រប់ប្រភេទដូចខាងក្រោម៖ ១- មិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទធ្វើចរាចរណ៍នៅតាមបណ្តោយមហាវិថី សម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពី ស្ពានអាកាសមរតកតេជោ រហូតដល់ ស្ពានអាកាស សម្តេចបវរធិបតី។ ២- រថយន្តធុនធ្ងន់គ្រប់ប្រភេទត្រូវបង្វែរចរាចរណ៍ទៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវក្រវ៉ាត់ក្រុងទី៣វិញ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ ម្ចាស់ សហគ្រាស និងក្រុមហ៊ុនដឹកជញ្ជូន ជ្រាប និងចូលរួមអនុវត្តសេចក្តីណែនាំខាងលើឱ្យមានប្រសិទ្ធភាព។ ទទួលបានសេចក្តីណែនាំខាងលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជ អាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តប្រកបដោយការទទួល ខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ ដោយ សំរិត