សមត្ថកិច្ចបង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងលក់ដូរមនុស្សដោយមានគោលដៅ និងឃាត់ខ្លួនមនុស្សចំនួន០៧នាក់ ជនជាតិចិន

ចែករំលែក៖

ខេត្តព្រះសីហនុ÷នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០១និង០០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចមុខកាស៊ីណូ ដាយមិន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណជាជនជាតិចិន ០១ក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នា ដាក់ចូលក្នុងរថយន្តរួចគេចខ្លួនបាត់ ។

ដោយមានការសម្របសម្រួលនីតិវិធីពី លោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រហូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៦និង០០នាទីព្រឹក ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧នាក់ ភេទប្រុស ជនជាតិចិន សង្ស័យពាក់ព័ន្ធករណីខាងលើ នៅចំណុចផ្លូវជាតិលេខ71A ស្ថិតក្នុងភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពុងសៀម ខេត្តកំពង់ចាម យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំជុំវិញករណីខាងលើ ។

បន្ទាប់ពីសួរនាំ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ បានឱ្យដឹងថា ក្នុងចំណោមមនុស្សចំនួន ០៧នាក់ មានជនសង្ស័យចំនួន ០៤នាក់ ពិតជាមានតម្រុយពាក់ព័ន្ធបទល្មើសខាងលើ ពិតប្រាកដមែន ដោយទ្បែកមនុស្សចំនួន ០៣នាក់ទៀត គឺជាជនរងគ្រោះក្នុងករណី លក់ដូរមនុស្សដោយមានគោលដៅ ពិតប្រាកដមែន ។

សម្ភារៈចាប់យកបានជាក់ស្តែងរួមមាន ទូរស័ព្ទចំនួន ០៤គ្រឿង រថយន្តចំនួន ០២គ្រឿង និងលិខិតឆ្លងដែន ចំនួន ០៤ក្បាល ។

ចំពោះករណីខាងលើនេះ ពិតជាករណី លក់ដូរមនុស្សដោយមានគោលដៅ និងចាប់ឃុំឃាំង បង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ ពិតប្រាកដមែន ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងបន្តតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print