១- តំបន់នេះស្ថិតនៅក្នុងទឹកដីអធិបតេយ្យភាពរបស់ប្រទេសថៃ។ ការរារាំងអាជ្ញាធរថៃ និងរុះរើរបាំងរបស់ថៃ គឺជាការរំលោភលើបទប្បញ្ញត្តិមួយចំនួននៃច្បាប់ថៃ។ ទាំងដែលការពិត ប្រជាជនកម្ពុជា គឺជាអ្នករស់នៅទីនោះយូរណាស់មកហើយ ដោយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ កន្លងទៅ រដ្ឋមន្រ្តីការពារជាតិថៃ លោក Prawit Wongsuwan បានបញ្ជាក់ច្បាស់ៗ ភូមិព្រៃចាន់ គឺ ថៃទទួលស្គាល់ថា ជាទឹកដីរបស់កម្ពុជា។ ចុះហេតុអ្វីបានជាថៃចោទថា តំបន់នេះស្ថិតក្នុងប្រទេសថៃ។
២- អាជ្ញាធរថៃបានអនុវត្តការអត់ធ្មត់ខ្ពស់បំផុត។ កម្ពុជា បានញុះញង់ និងទន្ទ្រានយកដី ដូច្នេះមន្ត្រីគ្រប់គ្រងហ្វូងបាតុកររបស់ថៃ ត្រូវមានកាតព្វកិច្ចដោះស្រាយស្ថានការណ៍ស្របតាមគោលការណ៍អន្តរជាតិ ដោយមានវិធានការសមាមាត្រ និងសមស្រប។ ការលើកឡើងរបស់ថៃ នេះហាក់ដូចជាមិនសាកសម ព្រោះថៃបានលើកទ័ព និងបណ្ដោយឱ្យជនស៊ីវិលមកញុះញង់ប្រជាជនកម្ពុជាទេ តួយ៉ាងកាលពីកន្លងទៅថ្មីៗ ប្រជាជនថៃ បាននាំគ្នាបើករថយន្ដដឹកលាមកត្រៀមបាញ់លើប្រជាជនកម្ពុជា ការបាញ់គ្រាប់ឃ្លី និងរាយបន្លាលួសលើទឹកដីកម្ពុជា រួមទាំងបំផ្លាញផ្ទះពលរដ្ឋខ្មែរ។
៣-កម្ពុជា មិនដែលមានបំណងចង់បង្កើតសង្រ្គាមឡើយ ដោយប្រកាន់យកសន្ដិភាព និងការដោះស្រាយដោយសន្ដិវិធី ទាំងដែលថៃ ចោទថា ការញុះញង់របស់កម្ពុជាឱ្យប្រមូលផ្តុំ និងតវ៉ាគឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។
៤- កម្ពុជា តែងតែស្នើសុំការអន្តរាគម៍ពីប្រធានអាស៊ាន ពីបញ្ហាជម្លោះព្រំដែន ខណៈថៃ តែងតែធ្វើតួកំសត់ អំពាវនាវឲ្យកម្ពុជាបញ្ឈប់ការញុះញង់ និងញុះញង់ពលរដ្ឋខ្លួនឱ្យធ្វើបាតុកម្ម តែការពិត បើកដៃឲ្យពលរដ្ឋខ្លួនបង្កសកម្មភាពបង្កហេតុឥតឈប់ឈរ។
ការលើកឡើងទាំងទទឹងទិសខុសតម្រាច្បាប់នេះ ត្រូវលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សកវិញថា ថៃកំពុងធ្វើសកម្មភាពតាមបែប«គិតពីថ្ងៃច្រើនពេក ដេកយប់យល់សប្តមមីមមើល៍»។ លោកបញ្ជាក់ថា ថៃកំពុងអនុវត្តច្បាប់អាជ្ញាសឹករបស់ថៃលើដែនអធិបតេយ្យរបស់កម្ពុជា។ កិច្ចឯកតោភាគីរបស់ថៃ កំពុងរំលោភគោលការណ៍អន្តរជាតិស្ដីពី«ការកំណត់ព្រំដែនដោយអាណានិគម» ដែលមិនអាចធ្វើតាមចិត្តបាន លុះតែរដ្ឋភាគីមានកិច្ចព្រមព្រៀងថ្មី។ លើសពីនេះ ថៃក៏កំពុងបំពានគោលការណ៍នៃសមត្ថកិច្ចរបស់«គណៈកម្មការព្រំដែនចម្រុះ» ដែលមិនអាច វាតទីម្នាក់ឯង រួចកំណត់ថាជាខ្សែបន្ទាត់ព្រំដែនស្របច្បាប់បានឡើយ។ ដូច្នេះ សកម្មភាពបច្ចុប្បន្ន ជាអំពើល្មើស ដែលខ្លួនមិនអាចប្រកាសប្រើច្បាប់ខ្លួនលើពលរដ្ឋខ្មែរនៃដែនអធិបតេយ្យកម្ពុជាបានទេ។ រាល់ប្រតិបត្តិការកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលថៃ នឹងកាន់តែជាបន្ទុកភស្ដុតាងនៃបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទល្មើសឈ្លានពានរដ្ឋ និងបទល្មើសអន្តរជាតិផ្សេងៗទៀតតាមកត្តាសត្យានុម័ត៕
ប្រភព៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ