ខេត្តបាត់ដំបង÷បារីជាច្រើនម៉ាកចំនួនជាង ៥.០០០ សុង ដែលត្រូវបានក្រុមឈ្មួញកម្ពុជាធ្វើសកម្មភាពដឹកត្រាក់ទ័រ ឆ្ពោះទៅកាន់មាត់អូរព្រំដែនកម្ពុជាថៃ ដោយបម្រុងលីសែងឆ្លងអូរចូលទៅកាន់ប្រទេសថៃ ដោយខុសច្បាប់ និងត្រូវបានកម្លាំងយោធាកម្ពុជាចាប់បានទាំងវត្ថុតាងទាំងមនុស្ស។
ប្រភពព័ត៌មានបានឲ្យដឹងថា រសៀលថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២៥ កម្លាំងផ្នែកសឹករងភ្នំព្រឹកខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនលេខ៨១៩ កម្លាំងយោធាកងពលតូចលេខ ៥៣ បានចុះទប់ស្កាត់បទល្មើសក្រុមឈ្មួញបម្រុងលួចនាំ ចេញបារីឆ្លងដែនទៅប្រទេសថៃ ដោយបារីទាំងនោះមាន ចំនួន១១១ប៊ិច ស្មើនឹង៥.៥៥១ សុង ហើយជនសង្ស័យ ៧ នាក់ និងត្រាក់ទ័រ១គ្រឿងម៉ាកហ្វតពណ៌ខៀវ ដែលកំពុងធ្វើសកម្មភាពនៅចំណុចTV.16849.62161ស្ថិត ក្នុងភូមិភ្នំតូច ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជនសង្ស័យ៧ នាក់មានឈ្មោះ÷១,ឈ្មោះរ៉េត ផាត ភេទ ប្រុសអាយុ ៣៨ ឆ្នាំ រស់នៅភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹកម្ចាស់ត្រាក់ទ័រ,២-ឈ្មោះ តាំង ចំរើន ភេទ ប្រុសអាយុ ១៨ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្ដា, ៣- ឈ្មោះ ប៊ុន រ៉ាឈុត ភេទប្រុសអាយុ ២០ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្ដា,៤-ឈ្មោះ ឈឿន វិស័យ ភេទប្រុសអាយុ ១៦ ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្ដា,៥-ឈ្មោះ សៀង លឿង ភេទប្រុសអាយុ ៣៦ ឆ្នាំ រស់នៅភូមិពេជ្រ ចិន្ដាឃុំពេជ្រចិន្ដា,៦-ឈ្មោះ ហៀវ វ៉ាន់ ភេទប្រុសអាយុ ៣៧ ឆ្នាំ រស់នៅភូមិពេជ្រចិន្តា ឃុំពេជ្រចិន្ដា និង ៧- ឈ្មោះ ខៀវ រ៉ា ភេទប្រុសអាយុ ៣៧ ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែនស្រុកកំរៀង ខេត្តបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កន្លងមកឈ្មួញតែងដាក់កម្លាំងនាំចេញបារីទៅកាន់ប្រទេសថៃ តាមច្រក របៀងជាច្រើនដែលមានដូចជាស្រុកម៉ាឡៃ,សំពៅលូន និងស្រុកភ្នំព្រឹក…ជាដើម បើទោះបីជាកន្លងមកត្រូវភាគីថៃចាប់ជាញឹកញាប់ក៏ដោយ ក៏គេនៅតែបន្តនាំ ចេញដោយគ្មានញញើតសោះឡើយ ។ ប្រភពជាច្រើនអាចសន្និដ្ឋានថា ទំនងជាមានភ្លើងខៀវនៅចំណុចណា មួយ ទើបការនាំចេញបារីទាំងនេះបានដោយរលូនបែបនេះ។
ក្រោយពីបានធ្វើកំណត់ហេតុរួច ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅ ប៉ុស្តិអូររំដួលរួចបញ្ជូនទៅស្នងការខេត្តបាត់ដំបងចាត់ការតាមច្បាប់៕