បទវិចារណកថា«ថៃកំពុងធ្លាក់ចូលអន្លុងនៃការរំលោភគោលការណ៍កំណត់ព្រំដែនអន្តរជាតិ សិទ្ធិសមភាពអធិបតេយ្យរដ្ឋ និងគោលការណ៍សមកិច្ចដែនដីរដ្ឋ ដែលគេចមិនផុតពីឧក្រិដ្ឋកម្មអន្តរជាតិ ជាអាទិ៍!»

ចែករំលែក៖

ម្ដងហើយម្ដងទៀត ថៃបានអនុវត្តផែនការឈ្លានពាន ធ្វើទុក្ខបុកម្នេញ និង ប្រតិបត្តិគោលការណ៍នានាខុសច្បាប់ជាប្រព័ន្ធតាមរយៈសមត្ថកិច្ច យោធា កងកម្លាំងប្រដាប់អាវុធចម្រុះក្រោមឱវាទខ្លួន ព្រមទាំងរន្ថើនផ្ញើសារ បំភាន់ មួលបង្កាច់ បំភ្លៃ គំរាមកំហែង បំភិតបំភៃ ការចាត់វិធានការនានា ការចាប់ខ្លួន ការយកច្បាប់ថៃមកផ្ដន្ទាទោតដល់ប្រជាពលរដ្ឋខ្មែរ ដែលបានកំពុងរស់នៅ កាន់កាប់ អាស្រ័យផលលើដីកំណើតស្របច្បាប់តជំនាន់ពីដូនតារាប់សត្សវត្តន៍ តាំងពីយូរលង់ណាស់មកហើយលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ ទន្ទឹមនឹងក្នុងពេលថ្មីៗនេះ ទាំងអភិបាលខេត្តស្រះកែវថៃបច្ចុប្បន្ន បានទទួលស្គាល់ថាស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា និងលោក ប្រាវីតវង់សាវ៉ាន អតីតរដ្ឋាបាលភិបាលលោក អាភីស៊ីតវេចាជីវ៉ា ក្នុងឆ្នាំ២០១០ បានប្រកាសទទួលស្គាល់ចំពោះមុខអ្នកសារព័ត៌មាន ថាដីតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ និងផ្សេងៗទៀតតាមព្រំដែន ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។

ផ្ទុយពីការទទួលស្គាល់ ដោយក្រោមហេតុផលនយោបាយផ្ទៃក្នុងរបស់ខ្លួន និងសម្ពាធពីក្រុមជ្រុលនិយមថៃមួយចំនួន ព្រមទាំងក្នុងចេតនារក្សាតំណែងរបស់ខ្លួន បែរជាហ៊ានក្រឡាសសម្ដីបំពានច្បាប់ជាតិ ច្បាប់អន្តរជាតិ។ សកម្មភាពជាន់ឈ្លីច្បាប់របស់អភិបាលខេត្តរូបនេះ ជាអាទិ៍ ការប្រកាសបញ្ជូនប្រជាជនខ្លួនមកកាន់កាប់ អាស្រ័យផលតាមតំបន់ព្រំដែនជម្លោះ និងសន្យាផ្ដល់ប័ណ្ណកម្មសិទ្ធិ ការសង្ខើញរដ្ឋបាលខេត្តបន្ទាយមានជ័យកម្ពុជា ឱ្យធ្វើតាមខ្លួន និងការកំណត់ពេលឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅតជំនាន់ដូនតាតាំងពីបុរមបុរាណមក ឱ្យចាកចេញ។ តាមផែនការ គោលការណ៍ និងសារជាបន្តបន្ទាប់របស់អភិបាលខេត្តនេះ យោធាថៃ ធ្វើសកម្មភាពរាយបន្លាលួស ដាក់កង់ឡាន ស្បៃខ្មៅ វាតទីរំលោភអធិបតេយ្យកម្ពុជា កាមេរ៉ាសុវត្ថិភាព បណ្ដេញប្រជាពលរដ្ឋខ្មែរចេញពីលំនៅដ្ឋាន មិនឱ្យអាស្រ័យផលលើដីស្រែចំការ សាងសង់លេណដ្ឋាន និងវាយកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋខ្ទេចខ្ទី…បើទោះជាអាជ្ញាធរ កងកម្លាំងចម្រុះ ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជាគ្មានអាវុធ តែងតែប្រឆាំងតវ៉ាជាក់ស្ដែងនៅហ្នឹងកន្លែងតាមនីតិវិធីអហិង្សា និងតាមផ្លូវច្បាប់យ៉ាងណាក៏ដោយ។

ថ្មីៗនេះ និងកំពុងបន្តសកម្មភាព នគរបាលថៃ កម្លាំងជំនាញបង្ក្រាបបាតុកម្ម យោធា និងកម្លាំងប្រដាប់អាវុធចម្រុះថៃផ្សេងទៀត បង្ក្រាបដោយហិង្សាអមនុស្សធម៌ រំលោភសិទ្ធិមនុស្សជាតិ ដែលការពារដោយច្បាប់អន្តរជាតិ ជាអាទិ៍ ការប្រើខែល ដំបងឆក់ ដំបងដែកវែងសម្រាប់រុញបុក ទាក់កប្រជាពលរដ្ឋ គ្រាប់បែកផ្សែង កាំភ្លើងបាញ់គ្រាប់ជ័រ ឧស្ម័នបង្ហូរទឹកភ្នែក ជំពាមគ្រាប់ដែក គ្រាប់ឃ្លី រថយន្តបាញ់ទឹក ដែលមិនដឹងថាមានសារធាតុគីមីអ្វី ការគម្រាមចាប់ខ្លួន ដាក់ទោសពលរដ្ឋខ្មែរតាមច្បាប់ថៃ ការដាក់តម្រៀបរថយន្តសម្រាប់ឃុំបង្ខាំងមនុស្ស ការបង្កើនកម្លាំងប្រដាប់អាវុធចម្រុះ បន្ថែមឧបករណ៍សម្ភារៈបង្ក្រាបទំនើបៗជាច្រើនទៀត និងការគម្រាមប្រើវិធានការខុសច្បាប់អន្តរជាតិនានា។

បន្ថែមពីនេះ ការប្រើអំពើហិង្សាយ៉ាងឃោរឃៅ ដែលថ្មីៗនេះបណ្ដាលឱ្យព្រះសង្ឃ កងកម្លាំងមិនប្រដាប់ដោយអាវុធ និងប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ជាង៣០អង្គ\នាក់ ដួលសន្លប់ របួសធ្ងន់ស្រាល។ល។ ទាំងនេះ ជាឥរិយាថមនុស្សព្រៃ ក្នុងសម័យបុព្វកាល ផ្ទុយពីសារធាតុជាមនុស្សស៊ីវិល័យនាសម័យទំបើប ដែលជាការរំលោភបំពានគោលការណ៍ច្បាប់អន្តរជាតិ និងជាធាតុផ្សំនៃបទល្មើសឧក្រិដ្ឋកម្មអន្តរជាតិ ក្រោមសមត្ថកិច្ចតុលាការអន្តរជាតិ នៃអង្គការសហប្រជាជាតិ។ លើសពីនេះ ប្រសិនបើ នាយករដ្ឋមន្ត្រីទី៣២ ក្រសួងមហាផ្ទៃថៃ គ្មានវិធានការគ្រប់គ្រងសភាពការណ៍ ដែលបង្កើតឡើងដោយអភិបាលខេត្តស្រះកែវ មេយោធភូមិភាគ១ និងកម្លាំងប្រដាប់អាវុធចម្រុះថៃធ្វើព្យុះធ្វើភ្លៀង ឬរដ្ឋាភិបាលថៃ នៅតែបណ្ដែតបណ្ដោយ ឬក៏នៅពីក្រោយនោះ ជាកត្តារួម ថៃនឹងទទួលខុសត្រូវរួម ដែលនាំឱ្យថៃទាំងមូលទទួលលទ្ធផលមិនល្អចាជាប្រវត្តិសាស្ត្រ ខុសពីបំណងប្រជាពលរដ្ឋថៃ និងអ្នកនយោបាយជាយុវជនថៃជំនាន់ក្រោយ និងដែលកំពុងងើបឡើងស្ដារមុខមាត់ថៃឱ្យល្អឡើងវិញជាបន្តបន្ទាប់នោះ។

ការលើកឡើងដោយអន្លើៗនេះ និងការគំរាមប៉ងចូលមកចាប់ពង្រត់ប្រជាពលរដ្ឋកម្ពុជាម្ចាស់ដីនៅលើដែនអធិបតេយ្យរបស់កម្ពុជា និងការប្រើអំពើហិង្សាតាមរូបភាពផ្សេងៗទៀតពីសំណាក់នគរបាល ក្រុមជំនាញបង្ក្រាបបាតុកម្ម យោធា និងកងកម្លាំងចម្រុះថៃផ្សេងទៀត មកលើព្រះសង្ឃ ប្រជាពលរដ្ឋ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ សមត្ថកិច្ចចម្រុះកម្ពុជា ដោយគ្មានអាវុធក្នុងដៃ គឺជាកិច្ចឯកតោភាគីរបស់ថៃខុសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត ដែលត្រូវប្រឈមមុខនឹងតុលាការអន្តរជាតិ និងការប្រកាសទណ្ឌកម្មផ្សេងៗ ពីបណ្ដាប្រទេសនានាលើពិភពលោក។

តាមនីតិអន្តរជាតិសាធារណៈ កិច្ចឯកតោភាគីរបស់ថៃ ទាំងការចូលប៉ងចូលមកចាប់ពង្រត់ពលរដ្ឋខ្មែរ ការរាយបន្លាលួសវាតទីព័ទ្ធយកដីធ្លី ដាក់កង់ឡាន ស្បៃខ្មៅ បំពាក់កាមេរ៉ា បណ្ដេញប្រជាពលរដ្ឋខ្មែរចេញ វាយកម្ទេចផ្ទះសម្បែងក្នុងដែនអធិបតេយ្យកម្ពុជា ដែលរស់នៅរាប់ជំនាន់តកូនតចៅជាយូរលង់ណាស់មកហើយនោះ និងការប្រើអំពើហិង្សាផ្សេងៗ គឺថៃកំពុងតែបង្ហាញឱ្យពិភពលោកឃើញថា «ថៃកំពុងអនុវត្តច្បាប់អាជ្ញាសឹកថៃ លើដែនអធិបតេយ្យរបស់កម្ពុជា» ល្មើសគោលការណ៍ច្បាប់អន្តរជាតិជាសកល។ សកម្មភាព ឬកិច្ចឯកតោភាគី មិនចេះឈប់ឈរនេះ បានបង្ហាញយ៉ាងប្រត្យក្សថា ជាផែនការ គោលការណ៍ ឬគោលនយោបាយជាប្រព័ន្ធជាក់លាក់ពីអាជ្ញាធររដ្ឋថៃ។ យើងហៅសកម្មភាពជាឯកតោភាគីនេះថា ថៃកំពុងធ្វើសកម្មភាពតាមបែប«គិតពីថ្ងៃច្រើនពេក ដេកយប់យល់សប្តមមីមមើល៍!»។

តាមគោលការណ៍ច្បាប់អន្តរជាតិ ថៃត្រូវបានមូលវិចារណ៍ថា កំពុង«អនុវត្តច្បាប់អាជ្ញាសឹករបស់ថៃលើដែនអធិបតេយ្យរបស់កម្ពុជា» ដែលក្នុងលោកគ្មានអ្នកដូច គឺថៃកំពុងវិលទៅរកសម័យបុព្វកាល រស់តាមបែបព្រៃតែឯង។ រាល់សកម្មភាព ឬកិច្ចឯកតោភាគីរបស់ថៃទាំងអម្បាលមាណ គឺថៃ កំពុងរំលោភគោលការណ៍អន្តរជាតិស្ដីពី«ការកំណត់ព្រំដែនដោយអាណានិគមនិយម» ដែលមិនអាចធ្វើតាមចិត្តបាន លុះតែរដ្ឋភាគីមានកិច្ចព្រមព្រៀងថ្មី។ លើសពីនេះ ថៃក៏កំពុងបំពានគោលការណ៍នៃសមត្ថកិច្ចរបស់«គណៈកម្មការព្រំដែនចម្រុះ» តាមស្មារតីច្បាប់អន្តរជាតិ ដែលមិនអាច វាតទីម្នាក់ឯង រួចកំណត់ថាជាខ្សែបន្ទាត់ព្រំដែនស្របច្បាប់បានឡើយ។

លើសពីនេះ ថៃ កំពុងរំលោភបំពានគោលការណ៍ Uti-Possidetis Juris (UPJ) គឺជាគោលការណ៍ច្បាប់អន្តរជាតិ តាំងពីឆ្នាំ១៨១៩ ដែលតុលាការ ICJ យកមកសំអាងជាមូលដ្ឋានគតិយុត្ត សូម្បីតែកម្ពុជាឈ្នះថៃ ករណីប្រាសាទព្រះវិហារឆ្នាំ១៩៦២ ក៍ផ្អែកលើ UPJ នេះដែរ។ ខ្ញុំសូមបញ្ជាក់ថា គោលការណ៍ UPJ គឺជាគោលការណ៍នៃការមិនអាចប៉ះពាល់បានលើព្រំដែន ដែលទទួលស្គាល់ដោយអាណានិគមនិយម គឺគោលការណ៍«កំណត់ព្រំដែនដោយអាណានិគមនិយម» ដែលមិនអាចធ្វើតាមចិត្តបាន លុះតែរដ្ឋភាគីមានកិច្ចព្រមព្រៀងថ្មី តាមរយៈសន្ធិសញ្ញា ដែលច្បាប់អន្តរជាតិតម្រូវឱ្យមាន«គណៈកម្មការព្រំដែនចម្រុះ»ត្រូវ ប្រតិបត្តិការជំនាញជាមុនសិន។

ទាញចេញពីស្មារតីនេះ ថៃ ក៏កំពុងតែដើររំលង និងបំពាន«គណៈកម្មការព្រំដែនចម្រុះ» ជាច្បាប់អន្តរជាតិផ្ដល់ជាសមត្ថកិច្ច ដែលហៅថា«កិច្ចប្រតិបត្តិការបច្ចេទេស»។ «កិច្ចប្រតិបត្តិការបច្ចេទេស» សំដៅលើកិច្ចការជាសត្យានុម័តដើម្បីកំណត់សីមាពន្ធន៍នៅនឹងកន្លែង។ ពោលគឺ ជាការអនុវត្តជាក់ស្តែងនូវអ្វីៗ ដែលភាគីបានសំរេចរួមគ្នា ក្នុងការចុះវាស់វែង និងបោះបង្គោលសីមា។ ភារកិច្ចរបស់គណៈកម្មការនេះ គឺគូសផែនទី បោះបង្គោលសីមា ថែទាំ ព្រមទាំងពិនិត្យពិច្ច័យឡើងវិញនូវបង្គោលសីមា ដែលបានបោះរួច។ ជារួម ថៃ គ្មានសិទ្ធិ និងមិនអាចវាតទីម្នាក់ឯងគ្រប់រូបភាព រួចកំណត់ថា ជាខ្សែបន្ទាត់ព្រំដែនស្របច្បាប់បានឡើយ។ រាល់កិច្ចឯកតោភាគីរបស់ថៃ នឹងត្រូវមោឃៈដោយច្បាប់អន្តរជាតិ ពិសេសតុលាការអន្តរជាតិ។ ដូច្នេះ ទី១ ថៃ ត្រូវគោរពគោលការណ៍«ការកំណត់ព្រំដែនដោយអាណានិគមនិយម-UPJ»។ ទី២ ថៃ ត្រូវ គោរពគោរណ៍«គណៈកម្មការព្រំដែនចម្រុះ» ដែលគោលការណ៍ UPJ ចង្អុលបង្ហាញ ដោយអនុវត្តតាម
«កិច្ចប្រតិបត្តិការបច្ចេទេស» ជាមុនសិន។ បច្ចុប្បន្នភាពរបស់ថៃ គឺជាអំពើល្មើស ដែលខ្លួនមិនអាចប្រកាសប្រើច្បាប់ខ្លួនលើពលរដ្ឋខ្មែរនៃដែនអធិបតេយ្យកម្ពុជាបានឡើយ។ រាល់ប្រតិបត្តិការកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលថៃ នឹងកាន់តែជាបន្ទុកភស្ដុតាងនៃបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទល្មើសឈ្លានពានរដ្ឋ និងបទល្មើសអន្តរជាតិផ្សេងៗទៀតតាមកត្តាសត្យានុម័ត។

នៅទីនេះ ខ្ញុំក៏សូមគូសបញ្ជាក់ដែរថា តាមនីតិអន្តរជាតិសាធារណៈ កិច្ចឯកតោភាគីរបស់ថៃនាពេលនេះ និងកន្លងទៅថ្មីៗនេះ គឺជាអំពើល្មើសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ព្រោះអំពើព្រៃជាឯកតោភាគីរបស់ថៃ មិនបានគោរពល័ក្ខខ័ណ្ឌតម្រូវរបស់ច្បាប់អន្តរជាតិ ដែលទី១ កិច្ចនេះ មិនស្របនឹងបទដ្ឋាននៃនីតិអន្តរជាតិជាច្រើន។ ទី២ កិច្ចនេះ ធ្វើឡើង ដោយគ្មានទំនាក់ទំនងនឹងអន្តរជាតិ ពោលគឺ សូម្បីតែក្រុមសង្កេតការណ៍អន្តរជាតិក៏មិនទទួលស្គាល់ និងឱ្យរក្សានៅទីតាំងចាស់រៀងៗខ្លួន ព្រមទាំងសារព័ត៌មានអន្តរជាតិធំៗលើពិភពលោក បានផ្សព្វផ្សាយយ៉ាងផុលផុសថា កងកម្លាំងប្រដាប់អាវុធថៃ បានប្រើហិង្សាប្រឆាំងនឹងពលរដ្ឋខ្មែរម្ចាស់ដី ព្រះងស្ឃ និងសមត្ថកិច្ចកម្ពុជាគ្មានអាវុធ ឈរការពារដែនអធិបតេយ្យជាតិខ្លួន។ លើសពីនេះ ទី៣ អំពើព្រៃជាកិច្ចឯកតោភាគីថៃនេះ ត្រូវបានប្រជាពលរដ្ឋម្ចាស់ដីស្របច្បាប់ អ្នកភូមិ ព្រះសង្ឃ និងអាជ្ញាធរកម្ពុជា សម្ដែងការតវ៉ាជាក់ស្ដែងនៅហ្នឹងកន្លែងដោយសន្តិវិធីផង រួមទាំងការតវ៉ាតាមផ្លូវរដ្ឋបាល ត្រឹមត្រូវគ្រប់កម្រិតថែមទៀតផង។

តាមគោលការណ៍«ការកំណត់ព្រំដែនដោយអាណានិគមនិយម-UPJ» និងគោរពគោរណ៍«គណៈកម្មការព្រំដែនចម្រុះ» ដោយផ្អែកលើកត្តាសត្យានុម័ត ដែលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាកាន់កាប់នៅហ្នឹងកន្លែង រស់នៅអាស្រ័យផល តាំងពីដើមទីមក តំបន់ភូមិព្រៃចាន់ ភូមិជោគជ័យ ជាអាទិ៍ ត្រូវស្ថិតនៅក្រោមអធិបតេយ្យរបស់កម្ពុជា ដរាបណា មិនទាន់មានការសម្រចជាអន្តរជាតិណាមួយ ដែលច្បាប់អន្តរជាតិ ផ្ដល់ឱ្យកម្ពុជានូវ«សមភាពអធិបតេយ្យ អភ័យឯកសិទ្ធិរដ្ឋ និងសមត្ថកិច្ចទាំងសមត្ថកិច្ចទូទៅ សមត្ថកិច្ចផ្ដាច់មុខ…»។

មកដល់ចំណុចនេះ ខ្ញុំសូមនិយាយអំពី«សមភាពអធិបតេយ្យរដ្ឋ»។ សមភាពអធិបតេយ្យរដ្ឋ គឺហាមប្រាម ឬមិនអនុញ្ញាតឱ្យរដ្ឋនីមួយៗឱ្យស្ថិតនៅក្រោមកិច្ច ដែលសំដែងនូវអធិបតេយ្យរបស់រដ្ឋមួយទៀតឡើយ ជាពិសេសកិច្ចយុត្តាធិការរបស់រដ្ឋតែម្តង។ រដ្ឋមួយមិនអាចធ្វើសេចក្តីសំរេចជួសរដ្ឋមួយទៀតបានជាដាច់ខាត ដូចដែលបានកំណត់ជាភាសាឡាតាំងថា «Par in Parem Non Habet Juridictionem (PPNHJ)»។ បានន័យថា «គ្មានអ្វីអាចអនុវត្តអំនាចយុត្តាធិការរបស់ខ្លួន ទៅលើរបស់អ្នកដទៃ ដែលមានស្ថានភាពដូចគ្នាក្នុងនាមឱ្យអ្នកស្មើគ្នានោះទេ។ និយាយឱ្យងាយស្ដាប់ គឺថៃ មិនអាចយកយុត្តាធិការរបស់ខ្លួនទៅអនុវត្តលើដែនអធិបតេ្យកម្ពុជាបានទេ។ ដូចគ្នាដែរ កម្ពុជា ក៏មិនអាចយកយុត្តាធិការរបស់ខ្លួន ទៅអនុវត្តលើដែនអធិបតេយ្យរបស់ថៃបានដែរ។ វិធាននេះ គឺបង្កើតដើម្បីធ្វើឱ្យរដ្ឋគោរពគ្នាទៅវិញទៅមក ពោលគឺ រដ្ឋទាំងអស់ត្រូវការពារសមត្ថកិច្ចរបស់ខ្លួនប្រឆាំងនឹងការរំលោភបំពានពីរដ្ឋដទៃ ដោយខ្លួនទទួលបាននូវអភ័យឯកសិទ្ធិជាច្រើន។ ជាក់ស្ដែង ការដែលថៃ ប្រកាសអនុវត្តច្បាប់អាជ្ញាសឹកលើអធិបតេយ្យកម្ពុជា ប្រកាសចាប់ខ្លួនពលរដ្ឋខ្មែរ ប្រើច្បាប់ថៃផ្ដន្ទាទោសពលរដ្ឋខ្មែរ គឺសុទ្ធតែខុសគោលការណ៍ និងច្បាប់អន្តរជាតិទាំងអស់។ និយាយឱ្យខ្លី រដ្ឋទាំងអស់សុទ្ធតែទទួលបាន«អភ័យឯកសិទ្ធិប្រតិបត្តិ» ក្នុងនោះកម្ពុជាក៏ដូចគ្នា ពោលគឺ«ច្បាប់រួម»របស់រដ្ឋមួយ គឺថៃ មិនអាចយកទៅអនុវត្តនៅលើទឹកដីនៃរដ្ឋដទៃ គឺកម្ពុជាបាននោះទេ។

តាមច្បាប់អន្តរជាតិ កម្ពុជា ជារដ្ឋអធិបតេយ្យ ដែលទទួលបានសិទ្ធិ«អធិបតេយ្យការពារ»។ មានន័យថា កម្ពុជាជារដ្ឋអធិបតេយ្យ មិនត្រូវស្ថិតនៅក្រោមអាជ្ញាធររដ្ឋ ឬភា្នក់ងារអន្តរជាតិណាមួយ ក្រៅពីអាជ្ញាធររដ្ឋខ្លួនឯងដាច់ខាត។ ប្រសិនបើមានមានការរំលោភបំពានអធិបតេយ្យ ច្បាប់អន្តរជាតិ ផ្ដល់សិទ្ធិឱ្យកម្ពុជាការពារអធិបតេយ្យរបស់ខ្លួន តាមរយៈ«គោលការណ៍ហាមប្រាមការធ្វើអន្តរាគមន៍ និងតាមរយៈគោលការណ៍អភ័យឯកសិទ្ធិរដ្ឋ»។ ក្នុងដែនអធិបតេយ្យរបស់ខ្លួន កម្ពុជាទទួលបាន«សមត្ថកិច្ចដែនដី» ដែលមានទាំងសមត្ថកិច្ចទូទៅ និងសមត្ថកិច្ចផ្ដាច់មុខ។ សមត្ថកិច្ចដែនដី គឺថា ដែនដី ជាអ្នកកំនត់នូវការលោតសន្ធឹង នៃសមត្ថកិច្ចរបស់រដ្ឋក្នុងរង្វង់ដែនដីខ្លួន។ ដើម្បីការពារការអនុវត្តសមត្ថកិច្ចហួសដែនដី ដូចករណីថៃនេះ ទើបរាប់សត្សវត្តន៍មកហើយ នីតិអន្តរជាតិសាធារណៈ បានកំណត់គោលការណ៏មិនកែប្រែព្រំប្រទល់ក្នុងគោលដៅកុំឱ្យសមត្ថកិច្ចរបស់រដ្ឋនីមួយៗអនុវត្តហួសដែនដីរបស់ខ្លួន។ ខ្ញុំក៏សូមបន្ថែមថា «សមត្ថកិច្ចដែនដីទូទៅ»របស់រដ្ឋ គឺគិតទាំងកិច្ចការតូចតាចបន្ទាប់បន្សំផ្ទៃក្នុងរដ្ឋ រហូតដល់កិច្ចធំៗរបស់ជាតិ និងកិច្ចការទំនាក់ទំនងអន្តរជាតិ។ ចំណែក«សមត្ថកិច្ចដែនដីផ្ដាច់មុខ»វិញ គឺ តួអង្គដែលមានសមត្ថកិច្ចលើទឹកដីរបស់រដ្ឋខ្លួន គឺមានតែរដ្ឋខ្លួនឯងប៉ុណ្ណោះ។ រដ្ឋដទៃ គ្មានសិទ្ធិអនុវត្តសមត្ថកិច្ចរបស់ខ្លួនលើរដ្ឋដទៃបានដាច់ខាត។

សរុបមកវិញ តាមគោលការណ៍ច្បាប់អន្តរជាតិ សកម្មភាពវាតទីជាឯកតោភាគី រួចកំណត់យកជាខ្សែបន្ទាន់ព្រំដែន គឺរំលោភលើមូលដ្ឋានច្បាប់ ដោយទី១ ខ្សែព្រំដែនដែលមិនកើតចេញតាមកិច្ចព្រមព្រៀងរវាងរដ្ឋទាំងពីរ គឺគ្មានសន្ធិសញ្ញាថ្មីណាមួយស្តីពីព្រំដែនជាមួយគ្នា។ ទី២ ខ្សែព្រំដែនដែលមិនកើតចេញពីកិច្ចប្រតិបត្តិការបច្ចេទេស នៃគណៈកម្មការចម្រុះព្រំដែន ដែលមានសមាសភាព តំណាងរបស់រដ្ឋទាំងពីរ ដើម្បីចុះវាស់វែង បោះបង្គោលសីមា និងដែលគណៈកម្មការនេះ មានភារកិច្ច គូសផែនទីបោះបង្គោលសីមា ថែទាំ ព្រមទាំងពិនិត្យ ពិច្ច័យឡើងវិញ នូវបង្គោលសីមាដែលបានបោះរួចជាដើម។ ការវាតទីកំណត់ខ្សែបន្ទាត់ព្រំដែនដោយឯកតោភាគីរបស់ថៃ បានរំលោភយ៉ាងងងើលលើគោលការណ៍ Uti-Possidetis Juris (UPJ) គឺជាគោលការណ៍នៃការមិនអាចប៉ះពាល់បានលើព្រំដែន ពោលគឺរដ្ឋព្រមទទួលស្គាល់ ព្រំប្រទល់ដែលបន្សល់ទុកឱ្យដោយពួកអាណានិគម។ ក្នុងរឿងក្ដីអន្តរជាតិស្ដីពីជម្លោះព្រំដែនក្នុងទស្សវត្តន៍ឆ្នាំ១៨០០តុលាការ ICJ អះអាងថា គោលការណ៍ UPJ ការពារនូវស្ថេរភាពព្រំដែន។ ដូច្នេះ តាមរយៈគោលការណ៍នេះ គ្មានភាគីរដ្ឋជំលោះណាមួយ អាចកែប្រែព្រំប្រទល់ ដែលបន្សល់ទុកពីអាណានិគមនិយមនោះទេ លើកលែង តែភាគីទាំងសងខាងស្រុះស្រួលគ្នា តាមកិច្ចព្រមព្រៀងរួមណាមួយ ដើម្បីធ្វើការកែប្រែព្រំប្រទល់ដែលមានស្រាប់នេះ។

ជាថ្មីម្ដងទៀត ផ្អែកលើកត្តាសត្យានុម័យ គឺសកម្មភាព ឬកិច្ចឯកតោភាគី និងភស្តុតាងជាក់ស្ដែងជាច្រើនករណីរបស់ថៃ ដូចបានបញ្ជាក់មកនេះ នាយករដ្ឋមន្រ្តីទី៣២ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ មិនគួរបណ្ដែតបណ្ដោយដើម្បីទប់កៅអីខ្លួនឡើយ ដោយបែរជាប្រកាសបើកភ្លើងខៀវ ឱ្យយោធា សម្រេចពេញលេញលើការងារព្រំដែនជាមួយកម្ពុជាទៅវិញ។ ពោលគឺ ត្រូវពិនិត្យនិងចាត់វិធានការឱ្យបានសមស្របលើអភិបាលខេត្តស្រះកែវ ដែលបានដាក់ចេញវិធានការជាបន្តបន្ទាប់ មេយោធាភូមិភាគ១ និងដឹកនាំអនុវត្តសកម្មភាពនាំឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្សេងៗទៀតរវាងភាគីទាំងពីរ។ ជាពិសេស ការធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ ផ្ទុយពីគោលការណ៍អាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា៣៣ និងគោលការណ៍រួមក្នុងនាមជាសមាជិកអង្គការពិភពលោកនេះ។ រាល់ការបណ្ដែត
បណ្ដោយឱ្យបន្តធ្វើសកម្មភាពដូចខាងលើ ថៃទាំងមូល ចៀសមិនផុតពី«ឧក្រិដ្ឋកម្មអន្តរជាតិ» ជាអាទិ៍ បទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទឈ្លានពាន និងបទឧក្រិដ្ឋកម្មសង្គ្រាមជាដើម៕

...

ដោយ៖ ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print