ខឹងសុំលុយឪពុក១៥០០០រៀលមិនបាន ទិញសាំងមួយលីត្រដុតផ្ទះផ្អើលអ្នកភូមិទាំងថ្ងៃ

ចែករំលែក៖

ខេត្តកណ្ដាល÷ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ឃាត់ខ្លួនជនសង្ស័យ ០១នាក់ករណីធ្វើឲ្យខូចខាតដោយចេតនា(បង្កអគ្គិភ័យ) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង ០០នាទី នៅចំណុចៈ ភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ វ៉េង យូ ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ត្រូវជាឪពុក។ ជនសង្ស័យឈ្មោះ យូ ដារ៉េតហៅដេត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយ ប្រទាល ស្រុកស្អាង ខេត្តកណ្តាលត្រូវជាកូនបង្កេីត។គ្មានសារធាតុញៀនអវិជ្ជមាន(-)

មន្ត្រីខាងលើបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង១រសៀល ជនសង្ស័យបានសុំលុយជនរងគ្រោះជាប្រាក់ចំនួន១៥០០០រៀល តែជនរងគ្រោះមិនបានឲ្យប្រាក់ទៅជនសង្ស័យទេ មិនតែប៉ុណ្ណោះបានស្ដីបន្ទោសទៅជនសង្ស័យថា យកប្រាក់ទៅលេងល្បែង ស៊ីសង។ ខណៈពេលនោះជនសង្ស័យក៏បានខឹងនឹងឪពុក(ជនរងគ្រោះ)ហើយក៏បានវាយបំផ្លិចបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះបណ្ដាលឲ្យខូចខាតអស់មួយចំនួនហើយជនសង្ស័យក៏បានទៅទិញប្រេងសាំងចំណុះ១លីត្រនិងដែកកេះចំនួន០១ដេីម ហើយយកប្រេងសាំងនោះមកចាក់នៅក្នុងផ្ទះរួចបានធ្វើសកម្មភាពដុតបណ្ដាលឱ្យឆេះផ្ទះនិងឆេះសម្ភារៈអស់មួយចំនួន។

នៅពេលនោះបុរសជាឪពុកក៏បានស្រែកឆោឡោបង្កការភ្ញាក់ផ្អើលឲ្យប្រជាពលរដ្ឋនៅជិតខាងជួយពន្លត់ភ្លើងឆេះទាន់ ហើយដោយទ្រាំនិងទង្វើរបស់ជនសង្ស័យមិនបានជនរងគ្រោះក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្វាយប្រទាលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

...

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print