ខេត្តកំពត ៖ នៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៥ សាលា ដំបូងខេត្តកំពតបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីឃាតកម្មដោយអំពើឃោរឃៅ,អ្នកផ្ដើមគំនិតក្នុងបទឃាតកម្មដោយអំពើឃោរឃៅ និង ផ្តល់ជំនួយដល់ចារី ដែលប្រព្រឹត្តដោយជនត្រូវចោទ៣នាក់ ដោយតុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួនជនល្មើសដូចខាងក្រោម ៖១,ឈ្មោះអ៊ុំ វុទ្ធី ពី «បទឃាតកម្មដោយអំពើឃោរឃៅ» ២,ឈ្មោះ អឿ ចាន់ធី ហៅស្រីអែម ពី«បទអ្នកផ្តើមគំនិត ក្នុងបទឃាតកម្មដោយអំពើឃោរឃៅ» និង ៣,ឈ្មោះ សុខ នីដា ភេទប្រុស ពី«បទផ្តល់ជំនួយដល់ចារី»។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត សូមជម្រាបជូនដល់សាធារណជន ឱ្យបានជ្រាបថា៖ នៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២៥ សាលាដំបូងខេត្តកំពតបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧០១ ចុះថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងខេត្ត កំពត ទាក់ទិននឹងជនត្រូវចោទចំនួន០៣ នាក់ រួមមាន៖
១.ឈ្មោះ អ៊ុំ វុទ្ធី ភេទប្រុស កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ១៩៨៣ ជនជាតិខ្មែរ ត្រូវចោទប្រកាន់ពីបទ ឃាតកម្មដោយអំពើ ឃោរឃៅ ប្រព្រឹត្តនៅភូមិស្រែព្រៃ ឃុំវត្តអង្គ ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៥ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ,
២. ឈ្មោះ អឿ ចាន់ធី ហៅ ស្រីអែម ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ត្រូវបានចោទប្រកាន់ពីបទ អ្នកផ្ដើម គំនិត ក្នុងបទឃាតកម្មដោយអំពើ ឃោរឃៅ ប្រព្រឹត្តនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្ត កំពត កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៥ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៨ និងមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ,
និង ៣.ឈ្មោះ សុខ ធីដា ភេទប្រុស អាយុ២១ ឆ្នាំ ជន ជាតិខ្មែរ ត្រូវបានចោទប្រកាន់ពីបទ ផ្ដល់ជំនួយដល់ចារី ប្រព្រឹត្តនៅភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ បទ ល្មើសដែលមានចែង និងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៥៤៤ នៃក្រមព្រហ្មទណ្ឌ ។
បន្ទាប់ពីចៅក្រមស៊ើបសួរបានសួរចម្លើយ អមជាមួយដោយមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទខាងលើរួច និង រួមទាំងការពិនិត្យភស្តុតាងនានាដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បានសម្រេចឃុំខ្លួន បណ្តោះអាសន្នលើជនត្រូវចោទដែលឃាត់ខ្លួនបានទាំងអស់ខាងលើ នៅពន្ធនាគារខេត្តកំពត ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់ ៕