សង្គមស៊ីវិលកម្ពុជារៀបចំជំនួបពិភាក្សាសង្គមស៊ីវិល៦ប្រទេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសមាគមមិត្តភាពកម្ពុជា-ចិន តាមប្រព័ន្ធOnline និងជំនួបដោយផ្ទាល់  សង្គមស៊ីវិលកម្ពុជាបានទទួលជោគជ័យក្នុងការរៀបចំជំនួបក្រុមសង្គមស៊ីវិលពី៦ប្រទេស រួមមានកម្ពុជា មីយ៉ាន់ម៉ា ឡាវ នេប៉ាល់ បង់ក្លាដែស និង ចិន។

លោកស្រី Yang Lihua ប្រធានអង្គការYUNDI ខេត្តយូណាន ប្រទេសចិន បានជម្រាបថា កិច្ចជំនួបនេះមានគោលបំណងជំរុញការចែករំលែកបទពិសោធន៍ ការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងការចូលរួមរបស់សង្គមស៊ីវិលក្នុងការអភិវឌ្ឍប្រកបដោយសន្តិភាពនិងចីរភាព។ លោកស្រីបានបន្តការលើកទឹកចិត្តដល់សង្គមស៊ីវិលទាំង៦ប្រទេសនៅក្នុងការអនុវត្តនូវគម្រោង«តូចនិងឆ្លាត» ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសយើងទាំង៦។

លោក Li Bobo នាយកប្រតិបត្តិនៃសមាគមផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការមីយ៉ាន់ម៉ា-ចិន បានរំលេចពីសមិទ្ធផលជាច្រើនដែលសមាគមសម្រេចបានក្នុងការអនុវត្តគម្រោងជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ាក្រោមកិច្ចគាំទ្រពីប្រទេសចិនដែលមានអង្គការYUNDIជាស្នូល ជាពិសេសគម្រោងជួយកុមារដែលមានជំងឺបេះដូងពីកំណើត។

ឯកឧត្តម ឡៅ ម៉េង អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានដោយសង្គមស៊ីវិលនៃប្រទេសទាំង៥ក្រោមកិច្ចសហការជាមួយសង្គមស៊ីវិលប្រទេសចិន។ ឯកឧត្តមបានបន្តការលើកទឹកចិត្តបន្ថែមទៀតដល់សង្គមស៊ីវិលនៃប្រទេសទាំង៦ក្នុងការធ្វើគម្រោងរួមគ្នា ចែករំលែកបទពិសោធន៍ និងរួមគ្នាផ្តល់ធាតុចូលកាន់តែច្រើនដល់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសរៀងៗខ្លួន។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលជាអ្នកផ្តួចផ្តើម និងជាអ្នកសម្របសម្រួលវេទិកាស្តីពី«ការភិវឌ្ឍ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរបស់សង្គមស៊ីវិលនៃបណ្តាប្រទេសអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍» បានជម្រាបថា វេទិកានេះមានសង្គមស៊ីវិលសរុបចំនួន២៥មកពីប្រទេសទាំង៦បានរួមគ្នាពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៣គឺ ១-ការរួមចំណែករបស់សង្គមស៊ីវិលក្នុងការពង្រឹងសន្តិភាព និងសាមគ្គីភាពក្នុងតំបន់ ២-ការជំរុញអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និង៣-ការរគាំទ្រការអភិវឌ្ឍន៍តាមបែបចីរភាព និងការពារបរិស្ថាន ដោយបង្កើនកម្លាំងរួមរបស់សង្គមស៊ីវិលទាំង៦ប្រទេសជាប្រភពចម្បងក្នុងការជំរុញសន្តិភាព ការអភិវឌ្ឍ និងស្ថិរភាពក្នុងតំបន់។
តាមរយៈកិច្ចពិភាក្សានេះ តំណាងប្រទេសទាំង៦ បានបង្ហាញយោបល់ និងចែករំលែកបទពិសោធន៍អំពីការអនុវត្តគម្រោងសង្គម ការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការបង្កើតបណ្តាញសហការដែលអាចផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍ក្នុងតំបន់ ហើយសង្គមស៊ីវិលទាំង២៦បានយល់ស្របគ្នាថា ជំនួបនេះនឹងក្លាយជាវេទិកាសំខាន់សម្រាប់បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលក្នុងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍៕

...

ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print