ទីក្រុងប៉ាសេឡូណា ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍអាស៊ី(ACC) ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានថ្លែងថា វប្បធម៌ដើរតួនាទីយ៉ាងសំខាន់ ជាស្ពានតភ្ជាប់សហគមន៍ និងជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពប្រកបដោយចីរភាព។ វប្បធម៌មិនគួរត្រូវបានប្រើប្រាស់ជាអាវុធទេ តែវប្បធម៌ជាមធ្យោបាយដើម្បីដោះស្រាយបញ្ហាឫសគល់នៃជម្លោះ ការបង្រួបបង្រួម និងការផ្សះផ្សា។ បេតិកភណ្ឌវប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់គ្នា ដូច្នេះការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ មិនមែនគ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសជាតិណាមួយនោះឡើយ ប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោក
ព្រោះគឺជាការបំផ្លាញប្រវត្តិសាស្ត្រមនុស្សជាតិ ដូចក្នុងករណីប្រាសាទព្រះវិហារ ទោះបីជាសាលក្រមតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ បានទទួលថាប្រាសាទនេះនៅក្នុងដែនអធិបតេយ្យកម្ពុជា ហើយត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០០៨ ក៏ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាសាទព្រះវិហារ នៅតែបន្តរងការវាយប្រហារដោយអាវុធធុនធ្ងន់ ការទម្លាក់គ្រាប់បែកដែលមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមជាអាវុធហាមឃាតដោយច្បាប់អន្តរជាតិផងដែរ។
លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានថ្លែងដូចនេះនៅក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូ ICAPP/ ACC ចូលរួម «សន្និសីទពិភពលោកយូណេស្កូស្ដីពីគោលនយោបាយវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព – MONDIACULT 2025» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងប៉ាសេឡូណា ព្រះរាជាណាចក្រអេស្ប៉ាញ។
នាឱកាសនោះផងដែរ លោក សួស យ៉ារ៉ា បានថ្លែងបន្តថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានទទូចឱ្យមានការគាំទ្រជាអន្តរជាតិ ការពង្រឹងយន្តការតំបន់ដូចជាអាស៊ាន អង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ជាពិសេសអង្គការយូណេស្កូ ដែលត្រូវដើរតួនាទីយ៉ាងសំខាន់និងកាន់តែសកម្ម ដើម្បីលើកកម្ពស់តម្លៃនៃច្បាប់អន្តរជាតិ និងលើកទឹកចិត្តឱ្យមានដំណោះស្រាយដោយសន្តិវិធី ក្នុងការទប់ស្កាត់សោកនាដកម្មលើសម្បត្តិបេតិកភណ្ឌវប្បធម៌ឱ្យបានទាន់ពេលវេលា ជាពិសេស នៅក្នុងបរិបទភូមិសាស្ត្រនយោបាយដ៏ផុយស្រួយនាពេលបច្ចុប្បន្ននេះ ដែលកិច្ចសហប្រតិបត្តិការពិភពលោកក្នុងវិស័យវប្បធម៌ និងសន្តិភាព គឺមានភាពបន្ទាន់ជាងពេលណាទាំងអស់៕
ប្រភព ៖ (PRU)