ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងខេត្តត្បូងឃ្មុំ និងកំពង់ធំ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​-កំពង់​ធំ៖​ បន្ទាប់ពីរយៈពេល២សប្តាហ៍នៃដំណាច់ខែកញ្ញា កម្ពុជាទទួលឥទ្ធិពលព្យុះជាបន្តបន្ទាប់រហូតបង្កជាជំនន់ទឹកភ្លៀង, នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទីទួលសុវត្ថិភាពដែលប្រជាពលរដ្ឋរស់នៅជាប់ទន្លេមេគង្គ ក្នុងឃុំជីរោទ៍១ និងឃីទន្លេបិទ បានជម្លៀសកាលពីក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ។

លោកទេសរដ្ឋមន្រ្តី បានឱ្យដឹងថា គិតមកទល់ពេលនេះ មានប្រជាពលរដ្ឋស្នាក់នៅទីទួលសុវត្ថិភាពចំនួនប្រមាណ ១ពាន់គ្រួសារ និងមានផ្ទះចំនួនជាង ៨០០ខ្នងបណ្តាលជន់លិច ខណៈខេត្តត្បូងឃ្មុំ ទឹកជំនន់បានប៉ះពាល់ចំនួន២ស្រុកដែលជាប់នឹងទន្លេមេគង្គ គឺស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ។

អំឡុងចុះពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ផ្អែកតាមស្ថានភាពនេះ ប្រជាពលរដ្ឋមួយចំនួនធំបានជម្លៀសទៅទីទួលសុវត្ថិភាពតាមការកំណត់របស់អាជ្ញាធរ និងមួយចំនួនទៀតអាជ្ញាធរ ព្រមទាំងកងកម្លាំងបានត្រៀមរួចរាល់ដើម្បីជម្លៀសពីលំនៅដ្ឋាន ក្នុងករណីទឹកទន្លេមេគង្គកើនឡើង។

លោកទេសរដ្ឋមន្ត្រី បញ្ជាក់ទៀតថា អាជ្ញាធរបានផ្តល់អំណោយ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព ក៏ដូចចាត់តាំងក្រុមគ្រូពេទ្យប្រចាំការ ដើម្បីពិនិត្យថែទាំសុខភាពផងដែរ។

ជាមួយនឹងស្ថានភាពប្រែប្រួលពីទឹកជំនន់ លោកទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធត្រូវត្រៀមអន្តរាគមន៍ និងជួយសង្គ្រោះឱ្យប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ក្នុងថ្ងៃដដែល លោកទេសរដ្ឋមន្ត្រី បានបន្តធ្វើដំណើរពិនិត្យនៅខេត្តកំពង់ធំ ដែលមានស្រូវប៉ះពាល់ និងខូចខាត ក្នុងឃុំក្តីដូន ស្រុកកំពង់ស្វាយ ដោយសារទឹកជំនន់៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print