ភ្នំពេញ៖ ស្រ្តីម្នាក់បម្រុងលោតសម្លាប់ខ្លួនពីលើស្ពានអាកាសមហាវិថីសុី ជីនពីង ព្រោះខឹងខលទៅប្ដីដែលកំពុងដើរលេងចោលនាង ហើយប្ដីអត់លើកទូរស័ព្ទ ប៉ុន្តែមិនបានសម្រេចនោះទេ ដោយបាននគរបាលប៉ុស្តិ៍ចោមចៅទី៣ រួមជាមួយប្រជាការពារ និងប្ដីរបស់នាងទៅដល់ជួយចាប់ចេញទាន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅលើស្ពានអាកាសមហាវិថីសុី ជីនពីង ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្រ្តីរូបនោះនិងប្ដីរបស់នាងមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ មានអាយុប្រហែលជាង២០ឆ្នាំដូចគ្នា និងស្នាក់នៅផ្ទះជួលនៅបុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អ្នកឃើញហេតុការណ៍ខាងលើបាននិយាយថា នៅវេលាម៉ោងខាងលើគេបានឃើញស្រ្តីរូបនេះដើរលើស្ពាន អាកាសនោះ បន្ទាប់មកក៏ឡើងទៅអង្គុយលើបង្កាន់ដៃស្ពានដើម្បីលោតសម្លាប់ខ្លួន ។ ពេលនោះពួកគាត់បានរាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅអោយជួយអន្តរាគមន៍ ហើយក្រោយពេលទទួលបានដំណឹងខាងលើ នគរបាលនិងប្រជាការពារ ក៏បានចុះទៅកាន់ទីនោះ ។
ប្រភពដដែលបានប្រាប់ទៀតថា ខណៈនោះនគរបាលបានធ្វើការលួងលោមអោយស្រ្តីនោះចុះចេញពីបង្កាន់ដៃស្ពានវិញ ប៉ុន្តែទោះបីលួងលោមយ៉ាងណាក៏នាងមិនព្រមចុះដែរ គឺនាងចង់តែលោតសម្លាប់ខ្លួន ព្រោះខឹងប្ដីដើរលេងហើយខលអត់លើកទូរស័ព្ទនាង ។ លុះមួយសន្ទុះក្រោយមកទើបប្ដីនាងទៅដល់ ហើយខណៈកំពុងនិយាយជាមួយប្ដីភ្លេចខ្លួននគរបាលប៉ុស្តិ៍ចោមចៅទី៣ ក៏បានស្ទុះចូលទៅចាប់ទាញចុះបានសម្រេច រួចប្រគល់អោយប្ដីនាំយកត្រលប់ទៅផ្ទះវិញ ៕
ដោយ៖ ជ្រោយពេជ្រ