ភ្នំពេញ: បុរសម្នាក់បានបើករថយន្តចេញពីកន្លែងផឹកសុីមិនដឹងមូលហេតុអ្វីបានជារថយន្តជ្រុលចង្កូតទៅបុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿង ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានទៅបុកម៉ូតូមួយគ្រឿងរុញចូលយានដ្ឋានជួសជុលរថយន្តកៀបជាប់ម៉ូតូមួយគ្រឿងទៀតខ្ទេចទើបទៅមុខលែងរួច បណ្តាលឲ្យបុរសម្នាក់រងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១១និង២០នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ១៤៦ ត្រង់ចំណុចយានដ្ឋានជួសជុលរថយន្តយីហោ CA AUTO
សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក Lexus GS200 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2X-9199 មានអ្នករួមដំណើរម្នាក់ បានបើកចេញពីកន្លែងផឹកសុីមួយកន្លែងបានប្រហែលជា១០ម៉ែត្រមិនដឹងថារថយន្តមានបញ្ហាអ្វីបានជាជ្រុលចង្កូតទៅបុករថយន្តតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាក លេខភ្នំពេញ2BG-3462 ដែលចតនៅប្របចិញ្ចើមផ្លូវ រុញទៅបុករះម៉ូតូ៥គ្រឿងដែលឈប់នៅពីមុខរថយន្តបណ្តាលឲ្យខូចខាត ចំណែករថយន្តបង្កបានបុកម៉ូតូមួយគ្រឿងទៀតរុញទម្លុះចូលយានដ្ឋានជួសជុលរថយន្តយីហោ CA AUTO កៀបជាប់ម៉ូតូនឹងប៉ុងឡើងរថយន្តខ្ទេចមួយគ្រឿងទៀត ហើយនៅក្នុងហេតុការណ៍នេះដែរបណ្តាលឲ្យបុរសអ្នករួមដំណើរម្នាក់រងរបួស។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្ក រថយន្តនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ