ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា យោងតាមបញ្ជាដឹកនាំរបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានសហការជាមួយតំណាងរបស់ធនាគារបង្រ្កាបលើករណីបន្លំលួចប្រាក់ តាមរយៈគណនីធនាគារ ដោយធ្វើការបន្លំ QR Code ប្រាក់រៀលជាដុល្លា។
ក្នុងប្រតិបត្តិការខាងលេីនេះ ក្រោមមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានចាប់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ស.ស ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈ ការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ជាអ្នករត់កង់បី និងបានធ្វើសកម្មភាព បន្លំ QR Code គណនីធនាគារជាប្រាក់ដុល្លារ ក្នុងតម្លៃជាប្រាក់រៀល ដើម្បីបន្លំយកប្រាក់ពីភ្ញៀវបរទេសចំនួន ៧,២០០រៀល ទៅជា ៧,២០០ដុល្លា។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជន សូមប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានហ្មត់ចត់ ពេលប្រើប្រាស់សេវាកម្មផ្សេងៗក្នុងការផ្ទេរ និងទទួលប្រាក់ លើការទូទាត់ប្រាក់ តាមរយៈ QR Code រវាងប្រាក់រៀល និងប្រាក់ដុល្លា របស់គណនីធនាគារផ្សេងៗ ជៀសវាងការច្រឡំ ដែលបណ្ដាលឲ្យមានការខាតបង់នូវផលប្រយោជន៍នានា៕