អ្នកនាំពាក្យក្រសួងការងារ៖​ នៅថ្ងៃទី៤ ខែតុលានេះ! កម្មករនិយោជិត​ នៃក្រុមហ៊ុនតារាលបានចូលធ្វើការជាធម្មតាវិញ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ បើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ នៅថ្ងៃទី​០៤​ ខែតុលា​ ឆ្នាំ​២០២៥នេះថា៖​ កម្មករកម្មការិនីនៃរោងចក្រតារាល ដែលមានអាសយដ្ឋាននៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃនេះបានចូលធ្វើការជាធម្មតាវិញ​ បន្ទាប់ពីភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា។

លោកអ្នកនាំពាក្យ​រូបនេះ​ បានបញ្ជាក់ថា​ ការវិលត្រឡប់ចូលធ្វើការជាធម្មតាវិញរបស់កម្មករកម្មការិនីនៃរោងចក្រតារាលគឺបន្ទាប់ពីការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋានដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជកក្រោយការតវ៉ារបស់កម្មករកម្មការិនីកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥។ 

លោក ស៊ុន មេសា បានបញ្ជាក់បន្ថែមថា​ ចំណុចដែលឯកភាពនោះរួមមាន៖ ការបន្តរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ក្នុងថ្ងៃតវ៉ាការពារ ថ្ងៃទី២ និងថ្ងៃទី ៣ ខែតុលា ការស្នើសុំដំឡើងប្រាក់រង្វាន់ និងការអនុញ្ញាតឱ្យស្ត្រីដែលមានផ្ទៃពោះពីរខែអាចចេញមុនបាន ១៥ នាទីជាដើម។ ជាមួយគ្នានេះខាងភាគីនិយោជក និងក្រសួងនឹងបន្តពិភាក្សា និងពិនិត្យលើសំណើរបស់បងប្អូនកម្មករដែលស្នើសុំថវិកាថ្លៃបាយថ្ងៃត្រង់២000 រៀលយ៉ាងយកចិត្តទុកដាក់បំផុត។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យក្រសួងការងារ ក៏បានថ្លែងអំណរគុណទៅដល់បងប្អូនកម្មករកម្មការិនីតំណាងសហជីព និងខាងភាគីនិយោជកដែលបានសម្របសម្រួលគ្នាជាអន្តទៅដល់ការសម្រេចបាននូវការព្រមព្រៀងដែលអាចឱ្យបងប្អូនកម្មករកម្មការិនីបានចូលធ្វើការវិញទៅថ្ងៃទី៤ ខែតុលានេះ។

ជាមួយគ្នានេះ​ ក្រសួងការងារ​ ក្នុងនាមអាណាព្យាបាលស្នើសុំឱ្យបងប្អូនកម្មករកម្មការិនីក៏ដូចជារោងចក្រសហគ្រាសសូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការដែលបាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយចំពោះសំណូមពររបស់បងប្អូនដោយមិនព្រងើយកន្តើយឡើយ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print