ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះការដ្ឋានស្ថាបនាស្ពានបេតុង “ស្ទឹងឆ្វេង” ស្ថិតនៅចំណុចព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ខណៈការងារសាងសង់ត្រូវបានផ្អាកជាបណ្តោះអាសន្នក្នុងរដូវទឹកឡើងខ្លាំង។
គួររំលឹកថា បន្ទាប់ពីមានការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការកសាងស្ពានឈើមួយកន្លែងនៅតំបន់ស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្ស នារដូវទឹកឡើង ពោលគឺតាមរយៈការស្នើសុំរបស់អាជ្ញាធរខេត្តកំពង់ចាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសម្រេចផ្តល់ការស្ថាបនាជាស្ពានបេតុងតែម្តង ដើម្បីសម្រួលដល់ ការធ្វើដំណើរបានយូរអង្វែង និងសុវត្ថិភាពផងដែរ ។
គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាស្ពានស្ទឹងឆ្វេងនេះ គឺជាស្ពានបេតុងសរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ ក្នុងនោះក៏មានការស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរ ស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រ សងខាង ដែលគ្រោងប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ១ឆ្នាំ ដោយស្ពានស្ទឹងឆ្វេងនេះត្រូវបានបេីកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ហើយបើគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចការ សាងសង់បានប្រមាណ ៤០%ហើយ៕ដោយ៖តារា