ខេត្តកណ្តាល៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នគ្រូបង្គោលតាមបណ្តាស្រុក/ក្រុងទាំង១៣ ស្តីពីជំនាញចំនួន០៦របស់ប្រជាការពារ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
គួរបញ្ជាក់ផងដែរថា វគ្គបំប៉ននេះរៀបចំឡើង ក្នុងគោលបំណងចំនួន៣ ៖
-ទី១: ដើម្បីពង្រឹងកម្លាំងប្រជាការពារឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការចូលរួមសហការជាមួយនគរបាល ព្រោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដែលពេលនេះកំពុងប្រឈមនឹងការខ្វះខាតកម្លាំងខ្លាំង ដោយមានការចូលនិវត្តន៍ជាគំហុក។
-ទី២: ដើម្បីអោយប្រជាការពារទាំងអស់មានវិន័យ និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ក៏ដូចជាការគ្រងឯកសណ្ឋានអោយបានត្រឹមត្រូវ ដោយយើងដឹងហើយថាប្រជាការពារពុំមានឯកសណ្ឋានណាមួយច្បាស់លាស់នោះទេ។
-ទី៣: ដើម្បីអោយមានការយល់ដឹងអំពីតួនាទី ភារកិច្ច សិទ្ធិ និងសារៈសំខាន់របស់ប្រជាការពារ និងអនុវត្តអោយបានត្រឹមត្រូវតាមសេចក្តីណែនាំលេខ០០៤ស.ណ.ន ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ស្តីពីការពង្រឹងសមត្ថភាពប្រជាការពារ។
មិនតែប៉ុណ្ណោះវគ្គនេះយើងបានបញ្ជូលជំនាញសំខាន់ៗចំនួន៥ទៀតដែលបម្រើដល់ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ក៏ដូចជាការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន មានដូចជាជំនាញចរាចរណ៍ផ្លូវគោក ព្រហ្មទណ្ឌស្រាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អត្តសញ្ញាណបណ្ណ័ និងជំនាញប្រឆាំងគ្រឿងញៀន៕