ខេត្តកណ្ដាល ៖ សេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន «ពេញចិត្ត មេឌា ព័ត៌មានសង្គម» នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បានចុះផ្សាយរូបភាពការលេងល្បែងស៊ីសងខុសច្បាប់ជល់មាន់ អមដោយខ្លឹមសារថា៖ លោក ហេង អាងកូនជាមន្ត្រីនគរបាលស្រុកស្អាង បើកសង្វៀនជល់មាន់នៅភូមិ-ឃុំក្រាំងយ៉ូវ មិនញញើតអាជ្ញាធរ និងមានរូបភាពក្រុមអ្នកញៀនល្បែង កំពុងលេងល្បែងជល់មាន់។
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកស្អាង ស្រាវជ្រាវករណីខាងលើ ជាបន្ទាន់។
ក្រោយពីទទួលបានព័ត៌មាន និងបទបញ្ជាខាងលើនេះភ្លាម នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ លោកអធិការនគរបាលស្រុកស្អាង បានបញ្ជាកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ចុះធ្វើការស្រាវជ្រាវស្វែងរកទីតាំងចំណុចក្នុងរូបភាពខាងលើ គឺស្ថិតនៅក្នុងរោងទុកចោលមួយកន្លែងមិនស្គាល់ម្ចាស់ ស្ថិតនៅភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ព្រមទាំងបានធ្វើការសាកសួរប្រមូលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានឱ្យដឹងថា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ពុំមានក្រុមអ្នកញៀនល្បែងមកប្រមូលផ្ដុំគ្នាលេងល្បែងជល់មាន់នៅទីតាំងនោះទេ ហើយនៅទីតាំងក្នុងរូបភាពខាងលើនេះ ជាដីមាត់បឹងដែលមានទឹកបឹងឡើងខ្លាំងបណ្ដាលឱ្យជន់លិចរយៈពេលជាងដប់ថ្ងៃមកហើយ។
សូមបញ្ជាក់ថា៖ នៅចំណុចខាងលើនេះ ធ្លាប់មានក្រុមអ្នកញៀនល្បែងជល់មាន់ ធ្លាប់លួចណាត់គ្នាជល់មាន់ម្ដងម្កាលពិតប្រាកដមែន។
ចំពោះបុគ្គលឈ្មោះ ហេង សមត្ថកិច្ចស្រាវជ្រាវកំណត់អត្តសញ្ញាណ កោះហៅមកបំភ្លឺពាក់ពន្ធ័ករណីដែរសារព័ត៌មាន បានចុះផ្សាយខាងលើ ដើម្បីបន្តចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបតាមការគួរ! ៕ ដោយ ៖ ភារ៉ា ដង្កោ