ភ្នំពេញ៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញទទួលបច្ច័យចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ ពីតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាននាំយកនូវបច្ច័យដែលជាសទ្ធាដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភា ចំនួន ២០លានរៀល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ អ៊ូ សាន សាយឈុំ នាំយកនូវបច្ច័យដ៏ជ្រះថ្លារបស់សម្តេច ចំនួន ២០លានរៀល និងតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាននាំយកនូវបច្ច័យចំនួន១០លានរៀល ដែលជាសទ្ធាដ៏ជ្រះថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង។
បច្ច័យដែលជាសទ្ធាដ៏ជ្រះថ្លានេះ ត្រូវបានតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចទាំងបីរូប យកមកប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ដើម្បីចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ ដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តភ្នំព្រះពុទ្ធមានបុណ្យ ស្ថិតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
សូមរំលឹកថា ក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រក្នុងឆ្នាំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចូលរួមបច្ច័យដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ៥០លានរៀល និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះមហាក្សត្រ ចំនួន ៥០លានរៀល ផងដែរ៕