ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឆាន់ សាផាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានទទួលទទួលអនិច្ចកម្ម កាលពីថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ វេលាម៉ោង ១៨:៣៦នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសង្វេគ សោកស្ដាយ ស្រណោះអាឡោះអាល័យជាពន់ពេក ចំពោះមរណភាពរបស់ ឯកឧត្តម ឆាន់ សាផាន គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់ ដែលក្នុងមួយជីវិតរបស់ ឯកឧត្តមបានខិតខំតស៊ូលះបង់គ្រប់បែបយ៉ាងជាមួយរាជរដ្ឋាភិបាល ប្រកបដោយមនសិការវិជ្ជាជីវៈ ក្នុងស្មារតីស្នេហាជាតិ មាតុភូមិ និងចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ឱវាទ អប់រំទូន្មានកូន ចៅ ឱ្យក្លាយជាបញ្ញវន្តដែលជាធនធានមនុស្សដ៏សំខាន់របស់សង្គមជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីសោកសង្រេងបំផុត ជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ឆាន់ សាផាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា