សម្តេចតេជោ ហ៊ុន​ សែន​ ក្រើនរំលឹកពលរដ្ឋខ្មែរគ្រប់រូបប្រសិនបើមិនចូលចិត្ត និង​មាន​ការ​ឈឺ​ចាប់​ចំពោះ​ថៃ​សូម​កុំទិញ​ទំនិញ​ថៃ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានក្រើន​រំលឹក​ដល់​ពលរដ្ឋ​ខ្មែរគ្រប់រូបទាំងអស់ ប្រសិនបើមិនចូលចិត្តថៃ ឬមានការឈឺចាប់ចំពោះថៃ សូមកុំទិញ​ទំនិញ​ថៃ​បន្ត​ទៀត​ឲ្យ​សោះ មួយវិញទៀតសម្តេចក៏សូមឲ្យបងប្អូនឈប់ប្រើប្រាស់ប្រាក់បាតថៃ លើ​ដី​ខ្មែរ​តទៅទៀ​តផងដែរ ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិខ្មែរ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនេះ គឺបន្ទាប់ពីមានបងប្អូនប្រជាពល រដ្ឋ​ខ្មែរ​ចង់យករូបព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃមកធ្វើមិនគប្បី ដើម្បី​ឆ្លើយ​តប​នឹង​ទង្វើ​របស់​ជន​ជាតិថៃ ដែលបានយករូបសម្តេចដាក់តាំងបាញ់យករង្វាន់ កាល​ពី​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

តាមរយៈបណ្តាញសង្គមនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាស៍​ថា ​«​នេះ​ឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូម​ជន​រួម​ជាតិ​កម្ពុជា ​កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះ​ធ្វើ​ដោយ​មនុស្ស​ផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬ​ក្រុម​ណា​នោះទេ​។ »

សម្ដេចតេជោ ហ៊ុន សែនបានបន្តថា កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកសម្ដេចដើម្បី​ធ្វើ​ការ​តប​តតា​មរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃយកមកដាក់ ហើយ​បាញ់​យក​រង្វាន់​ដូច​ជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ សម្ដេចក៏បានប្រាប់ទៅវិញថា បើយល់​ថា​គេ​ធ្វើ​បែប​នេះ​ជាកា​រខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និង​អន់​ជាង​សត្វទៅទៀត។ សម្ដេចតេជោបានពន្យល់បន្ថែមថា ពួកគេធ្វើបែប​នេះ​ក្នុង​គោល​ដៅ​ធ្វើ​ឲ្យ​សម្ដេច​បាត់​បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាង​ហោច​ណាស់​ញុះញង់ឲ្យកងទ័ព និងប្រជាជន​យើង​មួយ​ចំនួន​តបតតាម​របៀប​បង្ក​អរិយ​ភាព​ជា​ដើម​នោះ។​

យ៉ាងណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ​ជន​រួមជាតិ​ទាំង​អស់​សូម​កុំ​យក​ព្រះ​ឆាយា​លក្ខ​ព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។ ដោយ​សម្តេច​បាន​ថ្លែង​បែ​ប​លក្ខណៈចំអកថា«ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ច​យើង​ទន់​ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែប​​ន្តជា​ជាតិ​សាសន៍​ថ្លៃថ្នូរ​មាន​សីលធម៌​ខ្ពស់​។ ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃ​មក​ប្រើ​ប្រាស់​ និងឈប់ប្រើប្រាស់​ប្រាក់​បាត​ថៃ​លើ​ដី​ខ្មែរ​តទៅ​ទៀត​ដើម្បី​ពង្រឹង​ឯករាជ្យ​ភាព​ខាង​រូបីយ​វត្ថុ​របស់​ជាតិ​យើង។ សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែ​ល​កំ​ពុង​រស់នៅធ្វើការរកស៊ីនៅកម្ពុជា។ សម្ដេចនៅតែជឿថា ប្រជាជនថៃភាគ​ច្រើន​មិន​ចង់​ធ្វើ​សត្រូវ​ជាមួ​យប្រ​ជាជនកម្ពុជានោះទេ»។

តាមរយៈបណ្តាញសង្គមនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ក៏បានលើកឡើង​ផង​ដែរ​ថា មនុស្សមួយចំនួននៅថៃរាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃ​ខុស​ពី​សេដ្ឋកិច្ច​កម្ពុជា​ថា ​កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែន ដោយខ្វះទំនិញប្រើប្រាស់។ ក្នុងករណីនេះ​សម្ដេច​គួរ​តែអរគុណអ្នកដឹកនាំថៃម្តងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជា​ធ្លាប់​យក​ប្រាក់​ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វែលុយនេះ​មក​ទិញ​ទំនិញ​ក្នុង​ស្រុក ដែលធ្វើឲ្យទំនិញផលិត​ក្នុង​ស្រុក​មាន​ទីផ្សារ​ដែល​ជា​ឱកាស​ពង្រឹង​សេដ្ឋកិច្ច​កម្ពុ​ជា​។

ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានប្រាប់ទៅថៃផងដែរថាកម្ពុជា​មិនដែល​បាន​ទៅ​សុំ​ទំនិញ​ថៃ​មក​លក់​ក្នុងទីផ្សារកម្ពុជាទេ គឺកម្ពុជាយកលុយទៅទិញ ដូច្នេះសូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និង​ប្រមាថ​កម្ពុជាបន្តទៀត។ សម្តេចតេជោ បានបន្ថែមថា យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែ​អ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឲ្យ​ប្រជាជន​ថៃ​មាន​ទីផ្សារ​រក​ប្រា​ក់​​ចំណូល។

សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជា​ដែល​ជា​អតិថិជន​ដ៏​ធំ​ត្រូវ​បាត់​បង់​ដែល​នេះ​មិន​មែនជាកំហុសរបស់កម្ពុជានោះទេ។

...

តាមរយៈសំណេរនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅបងប្អូនពិសេសបងប្អូននៅ​ជិត​ព្រំដែន​ថៃ សូមប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន និង​រង​ការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជា​ចំណុច​ដែល​គេ​យក​ធ្វើ​ជា​ចំណុច​ខ្សោយ​ដែល​គេ​គម្រាម​ដូច​ករណី​អគ្គិសនី អ៊ីនធើណែត និងប្រេងឥន្ធនៈកាលពីពេលមុន។ សម្តេចបានសង្កត់​ធ្ងន់​បន្ថែម​ថា«​ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង»៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print