នៅថ្ងៃទី៦ ខែតុលា នាយករដ្ឋមន្ត្រីថ្មី បារាំងដែលទើបតែកាន់តំណែង បាន២៧ថ្ងៃ លោក Sebastien Lecornu បានសម្រេចលាលែងចេញពីតំណែង។ នៅថ្ងៃនេះដែរ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទទួលយកការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តី លោក Sebastien Lecornu ។
ប្រការនេះនាំឱ្យបារាំងធ្លាក់ចូលវិបត្តិជាប់គាំងផ្នែកនយោបាយបន្ថែមទៀត។ លោក Macron បានតែងតាំងលោក Lecornu ជានាយករដ្ឋមន្រ្តីកាលពីដើមខែកញ្ញា ប៉ុន្តែសមាសភាពគណៈរដ្ឋមន្រ្តី ដែលលោកប្រធានាធិបតីបារាំង បានប្រកាសកាលពីយប់ថ្ងៃអាទិត្យ បានទទួលរងការរិះគន់ខ្លាំងពីបណ្តាគណបក្សផ្សេងៗនៅក្នុងសភា។
លោក Sebastien Lecornu វ័យ៣៩ឆ្នាំ គឺជានាយករដ្ឋមន្រ្តីទី៧ របស់លោក Macron និងជានាយករដ្ឋមន្រ្តី៥ គិតក្នុងរយៈពេល២ឆ្នាំ។ លោក Lecornu ដំបូងឡើយ មានបំណងចង់ស្វែងរកការគាំទ្រពីគណបក្សនានា នៅក្នុងសភាដែលមានការបែកបាក់យ៉ាងជ្រៅ។ នាយករដ្ឋមន្រ្តីបារាំង២រូបមុនលោក គឺលោក Francois Bayrou និង Michel Barnier កន្លងមកសុទ្ធតែរបូតតំណែង ដោយសារត្រូវបានសភាបោះឆ្នោតដកសេចក្តីទុកចិត្ត៕ ដោយធីរីណា
រូបថត: Reuters