មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន​ ជំរុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវបង្កើនការផ្សាយពីផលិតផលជាតិឱ្យកាន់តែខ្លាំង ក្នុងពេលយើងកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសថៃ

ចែករំលែក៖

ខេត្ត​ព្រៃវែង៖ លោកបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន​ បានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវបង្កើនការផ្សាយពីផលិតផលជាតិ ឱ្យកាន់តែខ្លាំង ក្នុងពេលយើងកំពុងមានបញ្ហាព្រំដែន ជាមួយប្រទេសថៃ ដើម្បីលើកស្ទួយផលិតផលជាតិ សម្រាប់កំណើនសេដ្ឋកិច្ច និងសេចក្តីថ្លៃថ្នូររបស់ជាតិ។

ថ្លែងក្នុងពិធីបើកវគ្គបំពាក់បំប៉នស្ដីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ជូនដល់សិក្ខាកាមមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាលក្រហមខេត្តព្រៃវែង លោកបណ្ឌិត ឆាយ សុផល បានមានប្រសាសន៍ថា ក្នុងពេលដែលកម្ពុជាកំពុងមានបញ្ហាជាមួយប្រទេសថៃ ក្នុងនាមជាអ្នកផ្សព្វផ្សាយជូនមហាជន អ្នកសារព័ត៌មានទាំងរដ្ឋ និងឯកជន ត្រូវផលិតមាតិកាផ្សេងៗពាក់ព័ន្ធទៅនឹងផលិតផលរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនសហគ្រាសក្នុងស្រុកឱ្យបានទូលំទូលាយថែមទៀត។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន​ បានបញ្ជាក់ថា អ្នកសារព័ត៌មាន ត្រូវបង្កើនការសហការជាមួយក្រសួងស្ថាប័ន និងមន្ទីរជំនាញក្នុងខេត្ត ក្នុងការផលិតព័ត៌មានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីទាក់ទាញប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិឱ្យមកប្រើផលិតផលជាតិកាន់តែច្រើន។

សំឡេង៖ « នេះជាឱកាសមាស ដែលយើងត្រូវតែជំរុញផលិតផលក្នុងស្រុក ។ អ៊ីចឹងអ្នកសារព័ត៌មានទាំងអស់គ្នា ត្រូវសហការជាមួយមន្ត្រីជំនាញ មានដូចជា មន្ទីរសុខាភិបាល មន្ទីរកសិកម្ម ធ្វើយ៉ាងម៉ិច បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋវិញ ដើម្បីឱ្យប្រជាពលរដ្ឋយើងងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ។ ទន្ទឹមនឹងនេះ យើងក៏ត្រូវជំរុញដល់អ្នកផលិតទាំងអស់ត្រូវតែពង្រឹងគុណភាព និងតម្លៃរបស់ខ្លួនផងដែរ ។ »

លោករដ្ឋលេខាធិការ​រូបនេះ​ បានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយបានទូលំទូលាយ គឺពិតជាបានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យបង្កើនការផលិតនិងលើកស្ទួយផលិតផលក្នុងស្រុកគ្របប្រភេទ ។

រដ្ឋលេខាធិការបានបញ្ជាក់ថា ពិតណាស់ នៅក្នុងសម័យកាលតំបន់ភាវូបនីយកម្ម និងសកលភាវូបនីយកម្ម គឺពិភពលោកតែងតែផ្លាស់ប្ដូរទំនិញគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋលេខាធិការនៅតែណែនាំឱ្យអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ពាក់ព័ន្ធ ដែលជាអាវក្រោះការពារខ្លួន ពីការប្តឹងផ្តល់ និងការប្រឈមនឹងផ្លូវច្បាប់។

គួររម្លឹកថាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ថា កម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទេ ទៅទិញទំនិញថៃ ហើយបើកម្ពុជាបង្វិលលុយនេះមកទិញទំនិញក្នុងស្រុកវិញ នោះនឹងធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសសម្រាប់ពង្រឹងសេដ្ឋកិច្ចកម្ពុជា៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print