ខេត្តកំពង់ឆ្នាំង៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យផ្ទាល់ លើទំហំខូចខាតផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ដែលរងការខូចខាតដោយទឹកជំនន់ហូរបុកផ្តាច់ជាច្រើនកន្លែង ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំង បណ្ដាលឱ្យប៉ះពាល់កំណាត់ផ្លូវនេះ។ ក្រសួងបានកំពុងពិនិត្យ និងចាត់វិធានការជួសជុលកំណាត់ផ្លូវនេះឱ្យបានឆាប់រហ័ស។
គួរបញ្ជាក់ផងដែរថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C មេត្តាជ្រាបថា កំណាត់ផ្លូវជាតិលេខ៥០C ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ ចាប់ពីគ.ម០០+០០០ ដល់គ.ម ១៤+២០០ ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានជន់លិចដោយទឹកទន្លេ។ ដើម្បី ថែរក្សាកំណាត់ផ្លូវជាតិលេខ៥០C អោយមានស្ថានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់បន្ទាប់ពីទឹកទន្លេស្រកចុះ និង បង្ការកុំឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង សូមធ្វើការផ្អាក ចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៥០C ចាប់ពីគ.ម០០+០០០ ដល់គ.ម១៤+២០០ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសារជាថ្មី។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជននិងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន៕