ភ្នំពេញ៖ លោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ បានជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតន័រវែសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងជំនួប ភាគីទាំងពីរបានគូសបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ព្រមទាំងបានអះអាងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ន័រវែស និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគីបន្ថែមទៀត។
លោកស្រីរដ្ឋលេខាធិការក៏បានជម្រាបជូនភាគីមិត្ត អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកស្រីបានបញ្ជាក់ជាថ្មីនូវជំហរ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឲ្យបានពេញលេញ និងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ៕