នាយប៉ុស្តិ៍ពោធិ៍អង្គ្រង​ ត្រូវ​តុលាការសម្រេចចោទកាន់ពី«បទឃាតកម្ម» ប្រឈមជាប់ពន្ធនាគារពី១០ទៅ១៥ឆ្នាំ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ​ បានសម្រេចចោទប្រកាន់នាយប៉ុស្តិ៍ពោធិ៍អង្គ្រង លោក ទ្រី បូរិន ពី«បទឃាតកម្ម» ក្រោយពីបានសួរចម្លើយ និងពិនិត្យលើភស្តុតាង ជុំវិញករណីផ្ទុះអាវុធបណ្ដាលឱ្យយុវជនម្នាក់បាត់បង់ជីវិត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចេញនៅល្ងាចថ្ងៃទី ៧ ខែតុលា។

គួររម្លឹកថា កាលពីវេលាម៉ោង១០ យប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៥ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិក្រញូង ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ មានករណីផ្ទុះអាវុធចំនួន០១គ្រាប់ ដែលបង្កឡើងដោយជនសង្ស័យ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្ក្រង បណ្តាលឲ្យជនរងគ្រោះឈ្មោះ ផាន ផាយុ វ័យ១៧ឆ្នាំ ស្លាប់បាត់បង់ជីវិត។

ករណីផ្ទុះអាវុធនេះ កើតឡើងនៅពេលដែលនាយប៉ុស្ត៍ពោធិ៍អង្គ្រង ទ្រី បូរិន ដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ប្រទះឃើញមានយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ផ្លាកលេខ កំពង់ស្ពឺ 1Z-2338 ពេលនោះសមត្ថកិច្ចបានស្ទាក់ឃាត់ដើម្បីសួរនាំ ប៉ុន្តែជនរងគ្រោះបើកម៉ូតូរត់គេ​ចមិនព្រមឈប់ ទើបកើតមានករណីផ្ទុះអាវុធបណ្ដាលឱ្យជនរងគ្រោះ ផាន ផាយុ បាត់បង់ជីវិតតែម្ដង។

ក្រោយហេតុការណ៍ អនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍ពោធិ៍អង្គ្រង បានរាយការណ៍ភ្លាមៗទៅលោកអធិការនគរបាលស្រុកបសេដ្ឋ និងបានប្រគល់ខ្លួនមកផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើង និងការធ្វេសប្រហែសរបស់ខ្លួនក្នុងពេលចុះបំពេញភារកិច្ចការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម។​

បន្ទាប់មកនៅថ្ងៃទី៦ ខែតុលា កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនលោក ទ្រី បូរិន រួមជាមួយវត្ថុតាង កាំភ្លើងAK47 រួចកសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៩៩ បានបញ្ញត្តិថា «បទឃាតកម្ម» គឺជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ)។ «បទឃាតកម្ម» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ដល់ ១៥ឆ្នាំ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print