លោកអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រយៈពេលជាង ២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញ នូវជនបរទេសពាក់ព័ន្ធ បទល្មើសអនឡាញជាង ១៥ ០០០នាក់ រួចទៅហើយ។

លោកអភិសន្ដិបណ្ឌិត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញការចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គស្នងការរង អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានី ខេត្ត លោក លោកស្រី ដែលជាវាគ្មិន សមាជិក សមាជិកា និងមន្ត្រីជំនាញពាក់ព័ន្ធចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិជាច្រើនរូបទៀតផងដែរ នាទីស្ដីការក្រសួងមហាផ្ទៃ។

លោកអភិសន្ដិបណ្ឌិត បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ព្រមទាំង សម្ដេចក្រឡាហោម ស ខេង យើងបានបណ្ដេញចេញជនបរទេស ដែលពាក់ព័ន្ធអនឡាញ ប្រមាណជាង ២១ ០០០នាក់ ក្នុងមួយអាណត្តិ។ លើសពីនេះ លោកអភិសន្ដិបណ្ឌិត ស សុខា បន្ដថា ការបណ្ដេញជនបរទេសទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ ទៅលើកិច្ចការងារបទល្មើសអនឡាញ។

លោកអភិសន្ដិបណ្ឌិត បន្ដទៀតថា កិច្ចការងារ បង្ក្រាបបទល្មើសអនឡាញ មិនមែនតែកម្ពុជា ម្នាក់ឯងទទួលខុសត្រូវនោះទេ ដូច្នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត បានស្នើដល់បណ្ដាប្រទេសនានា ស្វែងយល់ពីគ្នាទៅវិញ ទៅមក ដើម្បីរួមបង្ក្រាប បទល្មើសអនឡាញ។
លោកឧបនាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ការវិវត្តន៍នៃការឆបោកបទល្មើសអនឡាញមានភាពជឿនលឿន បើធៀបនឹង ៥ឆ្នាំមុន គឺមានលក្ខណៈខុសគ្នា។ ការឆបោកបទល្មើសអនឡាញ សម្រាប់ប្រទេសកម្ពុជា មិនមែនជាទីផ្សារ សម្រាប់ក្រុមឧក្រិដ្ឋជននោះទេ គឺពិភពលោក ដូច្នេះ ត្រូវមានការចូលរួមទប់ស្កាត់ពីគ្រប់ភាគីពាក់ព័ន្ធ ៕

...

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print