ខេត្តកណ្តាល÷ជនសង្ស័យម្នាក់ពឹតជាព្រហើនផ្គើនមិនខ្លាចច្បាប់ក្នុងករណីអំពើលួចគាស់ផ្ទះពេលម្ចាស់មិននៅ ដោយភ្លេចគិតថា ដល់ម៉ោងម្ចាស់ផ្ទះត្រឡប់មកពីការវិញ ក៏ត្រូវជនរងគ្រោះជាម្ចាស់ផ្ទះបានមកទាន់ឃើញផ្ទាល់នឹងភ្នែក ក៏ទូរសព្ទ័ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជន សង្ស័យវាយខ្នោះបាននៅក្នុងផ្ទះ។ ដោយហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី ០៧ខែតុលាឆ្នាំ២០២៥នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិព្រែកហូរកើត(១) សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ធបាលព្រែកហូរ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះជាម្ចាស់មានឈ្មោះ ចំរើន ប៊ុនថន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាងសំណង់ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុ។ ចំនែកជនសង្ស័យមានឈ្មោះ ឡេន វុទ្ធា ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពឹតប្រាកដ រស់នៅភូមិទួលរកា ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
វត្ថុតាងចាប់យក៖មេសោរសូឡិច១(របស់ជនរងគ្រោះ), ទួរណឺវិសចំនួន០៣(របស់ជនសង្ស័យ), កូនផ្លែកាំបិតចំនួន០៣ (របស់ជនរងគ្រោះ),ប្រអប់ដាក់ផ្លែកូនកាំបិតចំនួន០២(របស់ជនសង្ស័យ)។
សម្ភារ:ម្ចាស់ផ្ទះបាត់បង់រួមមាន ៖ ខ្សែកធ្វើពីលោហ:ធាតុពណ៌ទឹកប្រាក់០១ខ្សែ,បន្តោងខ្សែករូបព្រះធ្វើពីលោហ: ធាតុពណ៌ទង់ដែង០១,បន្តោងខ្សែកចែជ្រូកព្រៃស្រោបលោហះធាតុពណ៌ទង់ដែង៤,និងសំលៀកបំពាក់មួយ ចំនួន ។
ជនរងគ្រោះជាម្ចាស់ផ្ទះបំភ្លឺជូនសមត្ថកិច្ចថា នៅវេលាម៉ោង០៦ព្រឹកថ្ងៃទី០៧ខែតុលាឆ្នាំ២០២៥ រូបគាត់បានបិតទ្វារចាក់សោរផ្ទះយ៉ាងត្រឹមត្រូវ រួចចេញទៅធ្វើការនៅសង្កាត់ព្រែកកំពឹស។ លុះដល់វេលាម៉ោង១១និ៣០នាទី ថ្ងៃដដែល បានត្រឡប់មកពីធ្វើការងារវិញដល់ផ្ទះស្រាប់ តែឃើញទ្វារផ្ទះបានបាត់កូនសោរ ហើយយកដៃទៅរុញទ្វារតែត្រូវបានជាប់គន្លឹះខាងក្នុង។ ភ្លាមនោះជនរងគ្រោះបានទៅបើកបង្អួចខាងក្រោយផ្ទះមើល ក៏ឃើញជន សង្ស័យកំពុងតែរើខោអាវនិងឥវ៉ាន់ក្នុងផ្ទះ។ មិនបង្អង់យូរជនរងគ្រោះ ក៏បានយកមេសោរសូឡិច ដែលជន សង្ស័យបោះចោលនៅជិតនោះយកមក ឃ្ទាស់គន្លឹះទ្វារខាងក្រៅនិងបានទូរសព្ទ័ រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ព្រែកហូរ ឲ្យចុះមកជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកសួរនាំនិងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ជន រងគ្រោះប្រាកដមែន តែបដិសេដថា ខ្លួនមិនបានលួចយកសម្ភារៈដែលបានបាត់បង់ដូចបានរៀបរាប់ខាងលើ នោះទេ ។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕