ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់លិខិតជូនអភិបាលខេត្តស្រះកែវ របស់ថៃ ដោយបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយទីតាំងនេះ ប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០។
អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា លិខិតនេះធ្វើឡើងឆ្លើយតបលើករណីរដ្ឋបាលខេត្តស្រះកែវ តវ៉ាចំពោះការសាងសង់ជម្រកបណ្ដោះអាសន្ន ឈូសឆាយ តំបន់ជុំវិញ ហើយបានដឹកនាំប្រជាពលរដ្ឋខ្មែរទៅប្រមូលផ្តុំនៅតំបន់ដែលទាមទារនៅចំណុច TA ៥២១២៣០ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងន័យនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបញ្ជាក់ជូនថា ជម្រកបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះក្នុងពេល មានការប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានា។ ម៉្យាងវិញទៀត រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ឡើងវិញថាសកម្មភាពប្រជាពលរដ្ឋខ្មែរប្រមូលផ្តុំ នៅតំបន់ខាងលើ គឺធ្វើឡើងក្នុងគោលបំណងការពារដីធ្លី ស្រែចម្ការ និងទ្រព្យសម្បត្តិស្របច្បាប់របស់ ពួកគាត់តែប៉ុណ្ណោះ។
បន្ថែមលើនេះ ប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅក្នុងជម្រកបណ្តោះអាសន្នខាងលើនេះ គឺជា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរាយលួសបន្លា សំណាញ់ខ្មៅ រនាំង និង ដាក់កង់ឡាន ដែលនាំឱ្យពួកគាត់បាត់បង់ទីជម្រកអចិន្ត្រៃយ៍ និងធ្វើការភៀសខ្លួនមកស្នាក់នៅក្នុងទី ក្មងទីតាំង ខាងលើ។ បញ្ហានេះបានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និង ការលំបាកក្នុងការដោះស្រាយបញ្ហា ព្រំដែនដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀងនិងគោលការណ៍ទាំងឡាយដែលភាថ្មីទាំងពីរបានឯកភាពគ្នាកន្លងមក។
ទន្ទឹមនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យសូមបញ្ជាក់ជាថ្មីថា រដ្ឋបាលខេត្តយើងទាំងពីរមិនមាន សមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។
MOU ឆ្នាំ ២០០០, កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារ ខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។
រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាង ប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំJBC។ ក្នុងន័យនេះដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់JBC រដ្ឋបាលខេត្តយើងទាំងពីរ បន្តសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការ បញ្ឈប់រាល់សកម្មភាព ដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង។
អាស្រ័យហេតុនេះ សូមលោកអភិបាលខេត្ត មេត្តាជ្រាប និងសូមអត់ធ្មត់ និងរង់ចាំ ការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ធ្វើការបញ្ចប់លើ ការងារខណ្ឌសីមាព្រំដែន ហើយនៅក្នុងអំឡុងពេលរង់ចាំនេះ សូមលោកអភិបាលខេត្តមេត្តា ចូលរួមសហការក្នុងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អដើម្បីជៀសវាងបង្កើតភាពតានតឹង និងផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរ៕